ខេត្តបាត់ដំបង៖មន្ត្រីខេត្តបាត់ដំបង បានឲ្យដឹងថាក្រោយពីបានទទួលសេចក្តីណែនាំពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងបទបញ្ជាផ្ទាល់ពី អភិបាលខេត្ត នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារអធិការកិច្ចមន្ទីរបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយលិខិតលេខ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការបិទ KTV ក្លិបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលជាសាកល។
គួរបញ្ជាក់ដែរថា តាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលពាក់ព័ន្ធក្រុមការងារ ក៏បានរំលឹក បន្ថែមដល់ម្ចាស់អាជីវកម្ម ទាំងនោះ ដាច់ខាត មិនត្រូវប្រើប្រាស់ បន្ទប់ខារ៉ាអូខេ ឬបន្ទប់ វីអាយភី ឬទីតាំងអគារបិទជិត និងប្រើប្រាស់ ម៉ាស៊ីនត្រជាក់ តែអាចដំណើរការជាភោជនីយដ្ឋាន នៅក្រៅបន្ទប់ ឬអគារបិទជិតបាន ហើយត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ តាមវិធានសុវត្ថិភាពទេសចរណ៍ ដូចជាពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាត សុវត្ថិភាព ជាដើមផងដែរ៕SRPដោយប៊ុន ថេត