ខេត្តកំពង់ចាម រំលឹក​ខួបទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ខេត្តកំពង់ចាម រំលឹក​ខួបទិវា  បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ខេត្តកំពង់ចាម៖រដ្ឋបាលខត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៦៧​ ថ្ងៃ​បុណ្យឯករាជជាតិ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០​ និង​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ នៃទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ បន្ទាប់​ពី​កម្ពុជា​ទទួលបានឯករាជ្យពេញបរិបូរពី​អាណានិគម​បារាំង នៅឆ្នាំ១៩៥៣​ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សួនច្បារ​មុខ​សាលា​ខេត្ត​ ក្រោម​វត្តមាន លោកអ៊ុន ចាន់ដា​ អភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ មាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ សិស្ស​និស្សិត​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រូប​។

លោក​​ អ៊ុន​ ចាន់ដា​ បានអានសន្ទរកថាស្តីពីព្រះរាជប្រវត្តិសង្ខេប ព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែល​ជា​ការ​រំលឹកដល់ស្នាព្រះហស្ថនៃអង្គព្រះមហាវីរក្សត្រដ៏ឆ្នើមរបស់កម្ពុជា គឺព្រះកុរណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣​ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យ​កាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត​។ ដោយ​ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ​ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល៦៧ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា​ ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន ដែលជា​ការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ ផងដែរ​៕SRP