រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រាប់ពលរដ្ឋថា៖លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័ក ប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋ ទាំងជាង១ម៉ឺននាក់ នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។
«សម្ដេច ស ខេង ថ្លែងប្រាប់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ ព្រឹកមិញ»
សម្ដេច ស ខេង បានបន្តថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយសម្ដេច ក៏នឹងអមដំណើរ សម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែ សម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចកម្ពុជា ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំពាវនាវ ដល់ពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំ កូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ ជូនសមត្ថកិច្ច នៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានល្អដើម្បីចៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរ តំណាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង៕SRP