ខេត្តសៀមរាប៖ពិតជាសាហាវណាស់ តៃកុងរថយន្ត បានបើកជនរងគ្រោះហើយ មិនព្រមឈប់នោះទេ ថែមទាំងអូសជនរងគ្រោះ នៅក្រោមរថយន្តមានចម្ងាយជាង១៥០០ម៉ែត្រទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោយអាធ័ម។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែតលេខ៣៣៣.៣៣៤លើផ្លូវជាតិលេខ០៦ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចបានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០១៥ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង១U៤៣១៥ បើកបរដោយឈ្មោះអែម សុវណ្ណ ភេទប្រុស អាយុ៦២ឆ្នាំភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះ រថយន្តសាំយុងពណ៌ បៃតងចាស់ពាក់ស្លាកលេខសៀមរាប២C-៣៦៣២បើកបរដោយឈ្មោះឆែម ឃា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើត បានជាន់ឈ្មោះអែម សុវណ្ណ(ជនរងគ្រោះ) ហើយអូសតាមពីក្រោមរថយន្ត ទៅទិសខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦។ សមត្ថកិច្ចថារថយន្តខាងលើបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួក សមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបរបាន និងខូចខាតរថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល។
បើតាមសមត្ថកិច្ចថា មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង។ចំណែកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ នៅខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP