ខេត្តសៀមរាប៖ប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ម្សិលមិញទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន។
ការទទួលបាន ស្ថិតនៅបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប និងក្រុមការងារ។
ប្រធានមន្ទីរកសិកម្មខេត្ត លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ដោយសារទឹកជំនន់នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន ១០៥ហិចតា ១៩០គ្រួសាររងផលប៉ះពាល់។ លោកបន្តថា ខេត្តសៀមរាប មានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤គ្រួសារ។
ក្នុងឱកាសកាសនោះដែរ លោក ង៉ាន់ ភិរុណ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។
លោក ក៏បានសំណូមពរ និង ណែនាំប្រជាកសិករ ទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំ ស្រូវរបស់បងប្អូនផងដែរ៕SRP