ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រី សុរិយោដីខេត្តសៀមរាប ម្នាក់បើករថយន្តលុចស៊ិស មួយគ្រឿង ម៉ាក់ GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ បានបើកបុកថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតរថយន្តយ៉ាងដំណំនិងរបើកថ្ម ចែកទ្រូងផ្លូវ ចេញពីគ្នាអស់៣ផ្ទាំង បង្កការភ្ញាក់ផ្អើល ព្រមទាំងកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ។
បើតាមការសាក្សីនៅក្នុងកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តលុចស៊ិស បង្កហេតុនេះ បានបើកបរពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យ អស់បែកខ្លះចំនួន៣ផ្ទាំង ហើយរថយន្តខូចខាតខ្ទេចខាងមុខនិងចំហៀង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង អាចបណ្ដាលមកពីជាប់កំរាលជាន់ជើង។
បើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថាម្ចាស់រថយន្ត ឈ្មោះ យា ផល្លា ភេទប្រុសអាយុ ៤១ឆ្នាំ មុខងារ មន្ត្រីនៃមន្ទីរសុរិយោដីខេត្តសៀមរាប។
ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីសាធារណនិងដឹកជញ្ជូនខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាន យ៉ាងខ្លីថា៖ ចំពោះរថយន្តដែលបុកខឿន ពុះចែកទ្រូងផ្លូវនោះ ខាងជំនាញបានឱ្យម្ចាស់រថយន្ត ទិញយកមកសងវិញ។ ចំណែកការខូចខាត គឺជាកាតព្វកិច្ច របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ជាអ្នកផាកពិន័យទេ មិនមែន ខាង សាធារណនិងដឹកជញ្ជូនខេត្តនោះទេ។ បច្ចុប្បន្នរថយន្តបង្ក របស់មន្ត្រីសុរិយោដី ខេត្តសៀមរាបខាងលើ ត្រូវបានរថយន្តមកស្ទូច យក ទៅជួសជុល។
សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅមុខកាហ្គាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ស្មាយលីង ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ប៉ុន្តែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕SRP