ខេត្តបាត់ដំបង៖ពលរដ្ឋចំនួន៣០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានអំណោយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ការផ្ដល់អំណោយនេះ ធ្វើឡើងដោយលោក ស្រេង វង្សហៀង និងលោកជំទាវ សុត សុវណ្ណដា ជា ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងក្រុមការងារស្រុកគាស់ក្រឡ និង ក្រុមការងារ ចុះជួយឃុំព្រះផុស តាមការចាត់តាំងរបស់ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ តំណាងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង។
អំណោយរបស់សមាគមនខ្មែរចិន ត្រកូលលឹម ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ សរុបចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ក្រម៉ា ភួយ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០០០រៀល ក្នុងមួយគ្រួសារ។
ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកូកាកូឡា ឧបត្ថម្ភទឹកក្រូចកូកាកូឡាចំនួន២០០យួរ ជូនរដ្ឋបាលស្រុកគាស់ក្រឡផងដែរ។
លោកស្រេង វង្សហៀង បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា លោក ស្រេង វង្សហៀង បានជួយស្តារប្រឡាយទឹក នៅឃុំព្រះផុស ចំនួន ពីរខ្សែប្រវែង ២៦០០ម៉ែត្រ ពីខ្លោងទ្វាវត្តព្រះផុស ទៅដល់ស្រះសម្តេចក្រឡាហោម ជាថវិកាផ្ទាល់ខ្លួនរបស់ លោក ស្រេង វង្សហៀង និងលោកជំទាវ៕SRP