មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទនិងបើក វគ្គហ្វឹកហ្វឺន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទនិងបើក វគ្គហ្វឹកហ្វឺន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការយោធភូមិភាគ៥ នៅថ្ងៃទី៥ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថាយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់តាមបណ្តាកងឯកភាពចំណុះដើម្បីធ្វើការពង្រឹងសមត្ថភាពដល់កងទ័ព ហើយវគ្គហ្វឹកហ្វឺននេះជាកញ្ចប់ថវិការបស់ក្រសួងការពារជាតិសម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទៅបន្តប្រើប្រាស់ក្នុងអង្គភាពនិងបង្រៀនបន្តដល់អ្នកមិនចេះត្រូវគោរពបទបញ្ជាផ្សេងៗ របស់កងទ័ពឲ្យបានត្រឹមត្រូវ ដោយសាមគ្គីឯកភាពផ្ទៃក្នុងជាមួយកងទ័ពជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវនិងចៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ នឹងបញ្ហាកូវីត-១៩ ផងដែរ។ ដោយឡែកចំពោះសិក្ខាកាមដែលបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត៕SRPដោយប៊ុនថេត