បែកធ្លាយ រឿងចៅអធិការវត្ត ពណ្ណរាយ ប្រើអំពើហិង្សា លើលោកនេន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

ខេត្តកំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន បានប្រើអំពើហិង្សាទៅ លោក នេន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងកាលល្ងាច
ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុង វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បានបន្តទៀតថាមុនពេលកើតហេតុ ចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន បានហៅ លោក នេន ទៅសាកសួរ ពេលលោក នេនទៅដល់ហើយអង្គុយលុតជង្គង់ នៅពីមុខចៅអធិការហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វាយ លោក នេន ដោយប្រើកណ្ដាប់ដៃវាយ លើផ្ទៃមុខ បណ្ដាលឲ្យ លោក នេន ដួលទៅលើឥដ្ឋការ៉ូព្រះវិហារ។ ពេលនោះ ចៅអធិការបានយកជើងកន្ត្រុំក្បាល លោក នេន បន្ដទៀត ហើយក៏យកដៃ បោកក្បាលលោក នេន ទៅលើឥដ្ឋការ៉ូ យ៉ាងពេញទំហឹង និងចាប់ជើងលោក នេន ព្យាយាមលើកបោក លោក នេន ទៅនឹងសសរព្រះវិហារថែមទៀតផង។ ប៉ុន្តែដោយសារលើក មិនរួច ក៏បោកមិនបាន ពេលនោះលោក នេន ក៏រើរួចរត់ពេញព្រះវិហារតែម្ដង។

លោកសង្ឃផ្សេងៗ ដែលនៅក្នុងព្រឹត្តិការណ៍នោះ បានឲ្យដឹងថា បើលោក នេនរងគ្រោះ នោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីពីនោះអាចវាយស្លាប់ជាក់ជាមិនខានឡើយ។

ប្រភពបានបន្តថា ពេលលោក នេនរត់ចេញពីព្រះវិហារ បានហើយ បានស្រែកឲ្យគេជួយ ពេលនោះមានលោកសង្ឃមួយអង្គទៀត ដែលជាគ្រូបង្រៀន បានឮហើយក៏ដើរទៅមើល បានឃើញលោកនេន នោះ រងរបួស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថាលោកនេនរងគ្រោះ បានបាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើមជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់ភ្លាមៗ។

បើតាមប្រភពបញ្ជាក់ថាករណីនេះសង្ស័យចៅអធិការវត្ត ខឹងនឹងលោកនេន
ខកខានចូលព្រះវិហារមួយល្ងាច។
ជុំវិញព័ត៌មានការលើកឡើងខាងលើនេះ បណ្ដាញ «សៀមរាបប៉ុស្តិ៍» នៅមិនទាន់ទទួលបានការបំភ្លឺ ពីចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP