មេប៉ូលិស បញ្ជាឲ្យស្រាវជ្រាវ បង្ក្រាបល្បែងស៉ី សងតាមអនឡាញ Keno online

ភ្នំពេញ៖លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ នៅរសៀលថ្ងៃទី ០៣​ខែ​ វិច្ឆិកា​នេះ បានថ្លែងប្រាប់PVNNថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ ក្រុមហ៊ុន​ ស៉ីន​នីវ​ ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ ហេីយបំប្លែងជាល្បែងស៉ីសង​តាម​អនឡាញ​ Keno online រួចមក​ លោកនាយឧត្ដមសេនីយ៍ បាន​បញ្ជាអោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដេីម្បី​មានចាត់វិធានការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​។

លោកឧត្ដមសេនីយ៍ឯក សៀង​ សេង​ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បានអោយដឹងដែរថា​ លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ប្រជាពលរដ្ឋ​ រាយការណ៍ថា បាននឹងកំពុងបេីកល្បែងស៉ីសងតាមអនឡាញ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​។
លោកឧត្ដមសេនីយ៍ឯក បានបន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ លោកនឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

គួរបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​ រាយការណ៍ថា ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​ បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វី​ទាំងអស់​ ។ ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈថែមទៀតផង​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់នេះ​ តំណាង​ក្រុមហ៊ុន​ ស៉ីន​ នីវ​ មួយរូប​បានអោយដឹងថា​ ក្រុម​ហ៊ុន​ របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកល្បែងស៉ីសង​តាមអនឡាញ​នោះទេ​ ។

ទោះជាយ៉ាងណាក្ដី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ ស៉ីន​ នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​។
ពាក់ព័ន្ធ​នឹងការបំពានរបស់​ក្រុម​ហ៊ុន​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​។
ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសនោះ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​។

ពាក់ព័ន្ធករណីនេះ នៅក្រុងសៀមរាបឯណាវិញ ល្បែងឡូតូ ប្រភេទដូចខាងលើ បានបើកដំណើរការ ឲ្យពលរដ្ឋចាក់ស៊ីសង នៅតាមហាងកាហ្វេ សឹងគ្រប់កន្លែង យ៉ាងអនធិបតេយ្យដោយចំហតែម្ដង។ ទោះយ៉ាងណា ពលរដ្ឋ សូមគាំទ្រចំណាត់ការរបស់ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បានដាក់​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ចាត់ការ​តាមច្បាប់​ចំពោះ​ករណីនេះ៕SRP