រដ្ឋាភិបាល ផ្តល់សម្ភារបរិក្ខារពេទ្យ៤៩មុខ ដេីម្បីជំរុញលើការងារ សុខភាពសាធារណៈ ជូនពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​៖លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ផល ពន្លឺ អនុប្រធានមន្ទីរ នារសៀល​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ នេះ បាននាំយកសម្ភារបរិក្ខារសុខាភិបាល យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែកផ្តល់ជូនដល់មន្ទីរបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាព ជុំវិញខេត្ត ដែលជាសម្ភារបំពេញបន្ថែម របស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាលជូនពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ។

បើតាម លោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្ភារបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ប្រមាណជិត៤០០លានរៀល ដែលជាថវិការរបស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈក្រសួងសុខាភិបាល ដោយចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧ ហើយជាសម្ភារ ដែលមិនមានក្នុងផែនការប្រចាំឆ្នាំទេគឺជាសម្ភារបំពេញបន្ថែម។

មានប្រសាសន៍នាឱកាសនោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត​ត្បូងឃ្មុំ​ បានឲ្យដឹងថា​ សម្ភារបរិក្ខារ ដែលបាននាំយកចែកពេលនេះគឺជាការផ្តល់ជូនបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារផ្ដល់ចែកជូនដល់មូលដ្ឋានសុខាភិបាលនៅក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ តាមរយៈក្រសួងស្ថាប័នសុខាភិបាល ធ្វើយ៉ាងណាឲ្យការបំរើសេវាវិស័យសុខាភិបាលនៅកម្ពុជាបានកាន់តែល្អ ទទួលបានទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឲ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាតជំងឺកូវីដ១៩។

លោក កែវ វណ្ណៈ ក៏បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវប្រើប្រាស់ទុកដាក់ឲ្យបានល្អ បម្រើផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ឲ្យ​បានកាន់តែមានប្រសិទ្ធភាពខ្ពស់​៕SRP