ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ ហុងគ្រី ដែលបានមកជួយដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។
សម្ដេចហ៊ុន សែន លើកឡើងយ៉ាងដូច្នេះនៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។
នៅក្នុងជំនួបនេះ លោក ភីធើ ស៉ីចាតូ (Péter Szijjártó) ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍ លោកយ៉ាងកក់ក្តី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសកម្ពុជា នាពេលនេះ។
លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ទី១)ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២) គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី និងទី៣) ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម
និងនេសាទ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើផងដែរ។
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញ នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខផងដែរ៕SRP

