ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីអាជ្ញាធរសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ ថែរក្សា សណ្ដាប់ធ្នាប់ឲ្យបានល្អ។
សារអំពាវនាវ របស់នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី ៣០ ខែតុលានេះ។
តាមរយៈទំព័រ page ហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១
នាយករដ្ឋមន្ត្រីបានបន្តថា៖ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ
ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។
នាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៩ខែតុលាឆ្នាំ ២០២០ ម្សិលមិញនៅក្រុងសៀមរាប ឯណាវិញ គេសង្កេតឃើញមាន រថយន្តរាប់សិបគ្រឿងបានចូលមកក្រុងសៀមរាប ដែលក្រុងសៀមរាប គេចាត់ទុកថាជាទីក្រុងមួយដ៏អស្ចារ្យល្បីល្បាញ មានកន្លែងកំសាន្តច្រើន ជាពិសេសជាងហ្នឹងទៀតគឺក្រុងសៀមរាបមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

