សម្ដេចតេជោ អរគុណ មន្ត្រីទាំងអស់ ដែលបានសង្គ្រោះប្រជាជន ទៅកាន់ទីទួល មានសុវត្ថិភាព

សម្ដេចតេជោ អរគុណ មន្ត្រីទាំងអស់ ដែលបានសង្គ្រោះប្រជាជន ទៅកាន់ទីទួល មានសុវត្ថិភាព

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០នេះ បានបង្ហោះសារនៅលើទំព័រ ផេកហ្វេសប៊ុកដោយបានលើកឡើងថ្លែងអំណរគុណអាជ្ញាធរ
កងកម្លាំងគ្រប់ប្រភេទ ដែលបានជួយសង្គ្រោះពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់បានទាន់ពេលវេលា។
នៅក្នុងសាររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖
សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។
បើតាមសំណេររបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។
«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»៕SRP