ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម បានថ្លែងជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយ:នៃការរៀនសូត្រ ព្រោះការសិក្សាមិនគិតពីអាយុ និងតួនាទីឡើយ ហើយអ្វីដែលសំខាន់នោះ គឺយើងជាមន្ត្រីជំនាញ ត្រូវធ្វើជាមន្ត្រីចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីដឹងពី បញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងដោះស្រាយជូនគាត់វិញទៅតាមជំនាញរបស់ខ្លួន ដោយកុំធ្វើឲ្យក្លាយជាមន្ត្រីជើង១០នោះឡើយ។
ក្នុងពិធីនោះដែរ លោក កែវ នាឬទ្ធិ
បានសម្តែងការកោតសរសើរចំពោះមន្ទីរកសិកម្មម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជំរុញឲ្យវិស័យកសិកម្ម
ឲ្យមាន កំណើនកើនឡើង ពីមួយ ឆ្នាំទៅមួយឆ្នាំទាំងគុណភាព និងបរិមាណ គួរជាទីមោទនៈ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាមយើងផលិតបាននៅលើផ្ទៃដីសរុបចំនួន ១៣៦ ១១៧ហ.ត បើគិតជា បរិមាណផលស្រវសរុបរហូតដល់ទៅ៤៩៦ ៣០០តោន ហើយក្រោយពីការប្រើប្រាស់សម្រាប់ជាតម្រូវការនៅ ក្នុងខេត្តនោះ យើងក៏មាននៅសល់ស្រវសរុបចំនួន១៧០ ៥៧៣តោន សម្រាប់ធ្វើការនាំចេញក្រៅខេត្តផងដែរ។
លោក កែវ នាឬទ្ធិ ក៏បានធ្វើការផ្តាំផ្ញេីដល់មន្ត្រីទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយមានទឹកចិត្តអំណត់អត់ធននឹងការងារ និងមានឆន្ទៈទទួលខុសត្រូវខ្ពស់ប្រកបដោយភាពបត់បែន ព្រមទាំងប្រកាន់យកនូវសាមគ្គីភាពល្អ នៅក្នុងអង្គភាព ជាពិសេសត្រូវបំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរនិងមានក្រមសីលធម៌វិជ្ជាជីវ:។
គួរបញ្ជាក់ផងដែរថាមន្ត្រីដែលត្រូវប្រកាសតែងតាំងក្នុងពិធីនេះរួមមាន៖ ១-លោក រឿង សូផាត ជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ។
២-លោក កែវ មុនី ជានាយរង ផ្នែករដ្ឋបាលព្រៃឈើកំពង់ចាមត្រើយស្តាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
៣-លោកស្រី ហួ សុភី ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម៕SRP

