ខេត្តសៀមរាប៖មន្ត្រីនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញ«សៀមរាបបប៉ុស្ដិ៍»នៅរសៀលថ្ងៃនេះថាគ្រោះថ្នាក់ចរាចណ៍រថយន្តស៊ីណា បុករថយន្តព្រូសកំពុងចតស្ងៀម និងបុកបង្គោលភ្លើងនៅ ខាងត្បូងស្តុបកោះកេរិ៍្ត បណ្ដាលឲ្យស្លាប់មនុស្សប្រុសស្រីពីរនាក់ ម្នាក់ជាតៃកុង ម្នាក់ទៀតអ្នករួមដំណើរក្នុងនោះរបួសធ្ងន់ស្ត្រីម្នាក់ និងខូចខាតរថយន្តទាំងពីរគ្រឿងផងដែរ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺ ក្នុងថ្ងៃទី០៨ខែតុលាឆ្នាំ២០២០នេះ ចំណុចខាងត្បូងស្តុបកោះកេរិ៍្ត ២៥០ម៉ែត្រ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លើដងវិថីវត្តបូព៌ ទល់មុខមន្ទីរពហុព្យាបាលខេរ៉ាអង្គរ២។
មន្ត្រីនគរបាលចរាចណ៍បានបន្តថាករណីនេះស្ត្រីអ្នករួមដំណើរឈ្មោះម៉ាត ម៉ារ៉ានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តម៉ាកស៊ីណាពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប២C៦០៦៣ ឈ្មោះសាំង សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់នៅមន្ទីរពេទ្យ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះគឹម រដ្ឋា ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសធ្ងន់។ ដោយឡែករថយន្តព្រូសពាក់ស្លាកលេខ សៀមរាប ២B៩៥១៥ ពណ៌ទឹកប្រាក់។ នគរបាលបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចណ៍នេះគឺរថយន្តម៉ាកស៊ីណា បង្កឡើងដោយខ្លួនឯង។បើតាមការសន្និដ្ឋានតៃកុងរថយន្តអាចមានសារធាតុសុរា។សូមជម្រាបថារថយន្តបង្កហេតុម៉ាកស៊ីណា បើកបរទិសដៅពីខាងត្បូងមកជើង៕SRP

