ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានសម្រេចដកបុគ្គលិកម្នាក់ចេញពីអង្គភាព បន្ទាប់ពីបុគ្គលិករូបនេះត្រូវបានសមមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធជក់ថ្នាំញៀន។នេះបើតាមសេចក្តីសម្រេចរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថាអាជ្ញាធរជាតិអប្សរាបានសម្រេចលុបឈ្មោះ លោក សៀវ សុមិត្រា ជាបុគ្គលិកបម្រើការងារនៅក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តិខុសធ្ងន់ធ្ងរនឹងច្បាប់ស្ថាប័ន ក៏ដូចជាច្បាប់សង្គម ចេញពីស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាពរចាប់ពីថ្ងៃចេញផ្សាយសេចក្តីជូនដំណឹងនេះតទៅ។
ករណីបុគ្គល សៀវ សុមិត្រា ប្រព្រឹត្តិនូវកំហុសឆ្គងអ្វីផ្សេង អំពីថ្ងៃនេះទៅ ពុំទាក់ទងនឹងស្ថាប័នអាជ្ញាធរជាតិអប្សរាទៀតឡើយ។
សូមជម្រាបថានៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចកំពុងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែបម៉ូតូឃើញមានដែកកេះកែឆ្នៃចំនួន០២(ពណ៌លឿង១ ខៀវ១)។ ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រភេទទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕SRP

