ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព ការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ០២ ខែ តុលា ម្សិលមិញ លោក ទៀ សីហា បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។
អភិបាលខេត្តលោកទៀ សីហា បន្តថា នេះជាឱកាសដែលអាជ្ញាធរមូល ដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឲ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឲ្យបានត្រឹម ត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ស្នើសុំធ្វើការឆ្វៀលដីជូន ពួកគាត់ទៅតាមការជាក់ស្តែង។ តែនៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់ នឹង ផ្តល់ជូនពួកគាត់ហើយនោះ តែបែជាពួក គាត់នៅតែបំពាន រុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំង អស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់ បែងចែកតំបន់។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីនានាពាក់ព័ន្ធជុំវិញខេត្តផងដែរ។
លោកសៅ សុភាព បានលើកឡើងថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន០៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ពាន់៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ពាន់៨០០ហិចតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ពាន់៣៧៣ហិកតា (ក្នុងនោះដីអាស្រ័យផល មាន ១៥៣ហិកតា , ដីចំការ ២ពាន់៨៥៣ហិកតា , ការសង់ខ្ទម និង បោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង ) , ដែន ជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ពាន់៩០៣ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ពាន់៤៦៩ហិកតា ដែន ជម្រកសត្វព្រៃភ្នំត្នោត.ភ្នំពក ទំហំ ១៧ពាន់៥៦៩ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ពាន់៨៧១ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ពាន់៧០៣ហិកតា និង តំបន់ ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ពាន់ហិកតា ។ ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ពាន់៩៨៤ហិកតា មានប្រជាពលរដ្ឋ ៣ពាន់៩៩គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ ការពារធម្មជាតិ ឲ្យមាននីរន្តរភាព។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និង វិធានការល្អៗមួយចំនួន ក្នុងការធ្វើទិន្នន័យដីធ្លី ឲ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លី និង ការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ផងដែរ៕SRP

