ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាប បានធ្វើការឃាត់មនុស្សពីរនាក់និងរថយន្ត១គ្រឿង ពាក់ព័ន្ធករណីដឹកសត្វព្រៃ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។
ជនសង្ស័យទាំង០២ នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីបានឲ្យដឹងថាបន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

