ខេត្តកំពង់ចាម៖លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយរាប់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តសរុបចំនួន ៣៥.៥៩៧ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៣នាក់ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំនួនភ្ញៀវទាំងអស់នោះ គឺមកទស្សនាកំសាន្ត នៅតាមកន្លែងកំសាន្តនានា មានដូចជា៖ រមណីដ្ឋានទឹកឆារមណីដ្ឋានកសិថ្មដាទឹកឆា រមណីដ្ឋានភ្នំហាន់ជ័យ រមណីដ្ឋានឬស្សី រមណីដ្ឋាន ភ្នំប្រុស ភ្នំស្រី រមណីដ្ឋាននគរបាជ័យនិងអាហារដ្ឋានស្មៅទន្លេ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក៏បានបញ្ជាក់ដែរថា ចំពោះ ស្ថានភាពទូទៅ នៅតាមកន្លែងកម្សាន្ត និងនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ នឹងមានការយាមប្រចាំការ ពីកម្លាំងសមត្ថកិច្ច ។ ចំណែកឯការលក់ដូរក៏ដូចជាតម្លៃទំនិញវិញពុំមានការឡើងថ្លៃហួសពីប្រក្រតីនោះឡើយ។
សូមរំលឹកថាពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំមួយរបស់ខ្មែរយើងសម្រាប់ការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដូនតាដើម្បីសុំសេចក្ដី សុខរកស៊ីទទួលទានមានបានដោយការជួបជុំសាច់ញាតិបងប្អូននិងការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ៕SRP

