ខេត្តតាកែវ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោកប៊ិន ឈិន នៅថ្ងៃសុក្រថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកសាងសង់តូបឡេីងវិញដោយខ្លួនឯងទៅតាមទំហំដែលធ្លាប់កាន់កាប់ជាក់ស្តែង ហេីយអនុវត្តតាមស្តង់ដារួមដែលមានការឯកភាពពីគណៈកម្មការខេត្ត។
សូមញ្ជាក់ដែរថា អគ្គិភ័យបានឆេះផ្សារសំរោងយ៉ោង កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន៕SRP