ឃាត់សកម្មភាព កាប់ទន្ទ្រានដីព្រៃ របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដោយសង្ស័យថាជាប់គម្របព្រៃឈើ

0

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានអោយដឹងថាក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលបានធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចុះធ្វើការហាមគាត់។ ការចុះហាមឃាត់នេះ នៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង០២និង១៥នាទីស្ថិតនៅក្នុងភូមិសាស្ត្រភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាការចុះទប់ស្កាត់កម្មភាពរបស់ក្រុមហ៊ុនគ្រួសារសុខសាន្ត គឺក្រោមបញ្ជារបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំចុះផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យមើលស្ថានភាពដីព្រៃជិត៣០០ហិកតា របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលសង្ស័យថាជាប់នឹងគម្របព្រៃឈើ។ បើតាមលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍ថា ដីនេះលោកសង្ស័យជាប់នឹងគម្របព្រៃឈើ ដូច្នេះលោកព្រះរាជអាជ្ញាបានអោយជំនាញចុះចុចមើលGPS និងUTDM ដើម្បីយកចំណុចផ្ទៀងផ្ទាត់អោយបានច្បាស់លាស់។ ព្រោះអីក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលកំពុងតែមានការអភិវឌ្ឍនៅលើផ្ទៃដីនេះមិនទាន់មានច្បាប់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះលោកព្រះរាជអាជ្ញាបានប្រាប់ទៅតំណាងក្រុមហ៊ុនគ្រួសារសុខសាន្តដែលកំពុងតែរៀបចំគម្រោងដីឡូតិ៍លក់នេះអោយផ្អាកសិន រង់ចាំជំនាញធ្វើការអោយបានច្បាស់លាស់ថាតើដីនៅចំណុចនេះជាប់គម្របព្រៃឈើឬអត់។

លោក សាយ វាសនា បានបញ្ជាក់ប្រាប់ក្រុមការងារក៏ដូចជាជំនាញនិងតំណាងក្រុមហ៊ុនថា ជាធម្មតាច្បាប់ត្រូវអោយទុកព្រៃនៅតាមមាត់បឹងព្រែកត្រពាំងដែលជារបស់ធម្មជាតិ ឥឡូវលោកព្រះរាជអាជ្ញាបានហាមមិនអោយធ្វើបន្តទៀតទេ រងចាំបញ្ជាក់ពីជំនាញអោយបានច្បាស់លាស់សិន។ ពាក់ព័ន្ធទៅនឹងករណីនេះបណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុន គ្រួសារសុខសាន្ត នៅឡើយទេ៕SRP