អភិបាលខេត្តត្បូងឃ្មុំ៖ ពលរដ្ឋនៅភូមិត្រពាំងផ្លុង១ នឹង២ បានអះអាងថាពុំមានការបាត់បង់ដី ក្រោយបោះបង្គោលព្រំដែននោះទេ

0

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាពលរដ្ឋនៅ ភូមិត្រពាំងផ្លុង១ និង២ បានអះអាងថាពុំមានការបាត់បង់ដីក្រោយបោះបង្គោលព្រំដែននោះទេ ផ្ទុយទៅវិញយើងទទួលបានដីសេសសល់ថែមទៀត។

ការអះអាងរបស់អភិបាលខេត្តត្បូងឃ្មុំ បានធ្វើឡើងនៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២០នាព្រឹកមិញនេះក្នុងពេលរួមដំណើរជាលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ នៅភូមិខាងលើ។

ទាក់ទងទៅនឹងបញ្ហាព្រំដែន កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីអោយបើកសិក្ខាសាលាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែនផងដែរ៕SRP