ខេត្តកំពង់ធំ៖លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ បានធ្វើការច្រាចចោលទៅនឹងព័ត៌មានចោទប្រកាន់ថារូបលោកបានបញ្ជាអោយមន្ត្រីរបស់ខ្លួនចុះប្រមូលលុយ ពីកសិដ្ឋាននីមួយៗ នៅស្រុកប្រាសាទសំបូរ ដោយមួយកន្លែងកសិដ្ឋានចំនួន$៥០០។ ការចោទប្រកាន់បែបនេះលោក តាន់ ម៉េងឆាង បានបញ្ជាក់ថាជារឿងមិនពិត។
«សម្លេងលោកតាន់ ម៉េងឆាង បំភ្លឺ»
សូមបញ្ជាក់ថាម្ចាស់កសិដ្ឋានមួយកន្លែងនៅភូមិ កូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឈ្មោះ ខេង ពិសិដ្ឋបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២កញ្ញាឆ្នាំ២០២០ថា ថ្មីៗនេះពេទ្យសត្វប្រចាំក្រុមហ៊ុនស៊ីភី ឈ្មោះ ឆោម ម៉ាណាល់ បានទាក់ទងគាត់តាមទូរស័ព្ទអោយគាត់ ត្រៀមលុយចំនួន$៥០០(ប្រាំរយដុល្លា)ទុកអោយឈ្មោះកៀន ឧត្តម ដែលជាពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី និងលោកតាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្មបសុព្យាបាល ដើម្បីរត់ការធ្វើប្លង់និងច្រកចេញចូលតែមួយ។
ពាក់ព័ន្ធករណីនេះលោក ឆោម ម៉ាណាល់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកពិតជាបានទូរស័ព្ទប្រាប់ទៅ ម្ចាស់កសិដ្ឋានឈ្មោះខេង ពិសិដ្ឋ អោយត្រៀមលុយសម្រាប់រត់ការពិតប្រាកដមែន។ដោយលោកធ្វើការងារនេះតាមបញ្ជាពីលោកកៀន ឧត្តម។ ដោយឡែកលោកកៀន ឧត្តមជា ពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី ដែលជាអ្នកបញ្ជាអោយលោក ឆោម ម៉ាណាល់ ទូរស័ព្ទទៅម្ចាស់កសិដ្ឋានខាងលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា លោកពិតជាបានប្រាប់អោយលោកឆោម ម៉ាណាល់ ទាក់ទងទៅម្ចាស់កសិដ្ឋាននោះ ត្រៀមលុយចំនួន$៥០០ពិតមែន។ តែលុយនោះ$៥០០គឺសម្រាប់រត់ការដូចជា៖ ច្រកចេញចូលតែមួយ និងធ្វើប្លង់គូសប្លង់ដឺម៉ាស់ជាដើម។ លោកកៀន ឧត្តម ថាលុយចំនួន$៥០០នេះមិនទាន់បានទទួលនៅឡើយទេ ហើយក៏មិនមានពាក់ពន្ធ័អ្វីនឹងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ នោះដែរ៕SRP

