ខេត្តកំពង់ចាម៖ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ជាង០៣ម៉ឺននាក់។
លោកស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា រយៈពេល៥ថ្ងៃនេះ គឺភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅទូទាំងខេត្តកំពង់ចាម សរុបចំនួន៣៥៤៣៦នាក់ ក្នុងនោះមានបរទេស១៤៦នាក់។
លោកស៊ាន សុគុន្ធ បន្តថានៅស្រុកព្រៃឈរ មានរមណីយដ្ឋាន ចំនួន២កន្លែង ១-រមណីយដ្ឋានក្បាលហុងទឹកឆា មានភ្លៀងទេសចរណ៍ ចំនួន២៥៩៧៩នាក់ ២-កសិទេសចរណ៏ គាត ខេង ថ្មដាទឹកឆា៣២៧១នាក់។ ដោយឡែកនៅក្នុងស្រុកកំពង់សៀម មានរមណីយដ្ឋានចំនួន៤កន្លែង ១-រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី មានភ្ញៀវទេសចរ ចំនួន១៤៨៥នាក់ ២-រមណីយដ្ឋានភ្នំហាន់ជ័យ១៥១៣នាក់ ៣-រមណីយដ្ឋានឬស្សី៣៤១នាក់ និង៤-រមណីយដ្ឋាននគរបាជ័យ១១៤៩នាក់ ។ ចំពោះអាហារដ្ឋានស្មៅទន្លេ នៅក្រុងកំពង់ចាម មាន១៦៩៨នាក់ ពោលគឺភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅរមណីយដ្ឋានក្បាលហុងទឹកឆា មានចំនួនច្រើនជាងរមណីយដ្ឋានដ៏ទៃ ។ ដោយនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ទៀតផង។ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ ខេត្តកំពង់ចាមមានភ្ញៀវទេសចរចំនួន៣៥.៤៣៦នាក់ មកលេងកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្ត រួមជាមួយសន្តិសុខមានសភាពការណ៍ល្អប្រសេីរ គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងតែ២ករណីប៉ុណ្ណោះ។ ទាំងនេះបានបង្ហាញអោយឃេីញពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ បេីកបរមានការយោគយល់ និងចេះអធ្យាស្រ័យអោយគ្នា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះកងកម្លាំង អាជ្ញាធរមានសមត្ថិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ។ សូមអរគុណភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកំសាន្តសប្បាយក្នុងខេត្តកំពង់ចាម។សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម ក៏មានការយកចិត្តទុកដាក់ពី ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ៕SRP