គ្រោងលើកគ្នាដកបង្គោល ដើម្បីបើកផ្លូវចូលទៅវត្តវិញ ក្រោយគេកាយផ្តាច់ជាងមួយឆ្នាំ បើគ្មានដំណោះស្រាយ

គ្រោងលើកគ្នាដកបង្គោល ដើម្បីបើកផ្លូវចូលទៅវត្តវិញ ក្រោយគេកាយផ្តាច់ជាងមួយឆ្នាំ បើគ្មានដំណោះស្រាយ

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ គង់នៅវត្តព្រៃធុតង្គព្រះនិព្វាន បានអះអាងថា នឹងលើកគ្នាទៅដកបង្គោល ហើយលុបប្រឡាយដែលកាយផ្តាច់ផ្លូវ ដើម្បីបើកផ្លូវចូលទៅវត្តវិញ ប្រសិនបើក្នុងពេលដ៏ខ្លីខាងមុខនេះ នៅតែគ្មានដំណោះស្រាយ។
ការអះអាងនេះ គឺធ្វើឡើងថ្ងៃទី២០ ខែ សីហាឆ្នាំ២០២០ម្សិលមិញ នៅចំណុចផ្លូវចូលវត្ត ដែលត្រូវកាត់ផ្តាច់ដោយបុគ្គលតាំងពីឆ្នាំ២០១៨។ ប៉ុន្តែករណីនេះអាជ្ញាធរស្រុកបានអះអាងថា នឹងរកវិធីសម្របសម្រួល មិនអោយមានហេតុការណ៍នោះទេ ព្រោះខ្លាចមានអំពើហិង្សាកើតឡើង។
ក្រុមអ្នកភូមិចំណុះជើងវត្ត បានលើកឡើងថា ផ្លូវចូលទៅវត្តព្រៃធុតង្គព្រះនិព្វាននេះ កសាងឡើងដោយព្រះសង្ឃ រួចជាមួយក្រុមអ្នកភូមិ។ ប៉ុន្តែនៅសុខ ៗ ក៏មានបុគ្គល ឈ្មោះ ធាម ម៉ៅដាណេ យកគ្រឿងចក្រមកកាយផ្តាច់ ហើយបោះ បង្គោលបិទមិនអោយចេញចូលវត្ត ដោយអះអាងថា ផ្លូវនេះជាដីរបស់ខ្លួន។ តាមពិតផ្លូវនេះជាផ្លូវរទេះតាំងពីបុរាណកាលមកម្លេះ។
ប្រភពបន្តថា ការកាយផ្តាច់ផ្លូវអស់រយ:ពេលជាង១ឆ្នាំ មិនទាន់ដោះស្រាយគ្នាផង ក៏លេចមុខបុគ្គលមួយក្រុមចូលមកកាប់បំផ្លាញព្រៃតាមដងផ្លូវចូលទៅវត្តទៀត។ នេះបង្ហាញថា បុគ្គលខាង លើកំពុងប្រើអំណាចបំផ្លាញផ្លូវហើយ បំផ្លាញព្រៃឈើទៀត។
ក្រុមអ្នកភូមិបានបញ្ជាក់ថា ក្នុងរយ:ពេល៧ថ្ងៃ ខាងមុខ ប្រសិនបើអាជ្ញាធរនៅតែមិនអាចដោះស្រាយ ហើយអ្នកស្រី ដា ណេ មិនបើកផ្លូវវិញទេ ពួកយើង (អ្នកភូមិ)រួមទាំងព្រះសង្ឃក្នុងវត្ត សម្រេចដកបង្គោលចេញ ហើយកាយដីលុបប្រឡាយ ដើម្បីបើកផ្លូវនេះវិញ។
ព្រះអង្គព្រះនាមស៊ិន សេត ព្រះចៅអធិការវត្ត ព្រៃធុតង្គព្រះនិព្វាន នៅរសៀលថ្ងៃដដែលបានមានសង្ឃដីកា ថាវត្តព្រៃធុតង្គព្រះនិព្វាន ស្ថិតក្នុងភូមិ ត្រ ពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។កសាងនៅខែធ្នូឆ្នាំ២០១៨ ដោយមានច្បាប់អនុញាតពីក្រសួងធម្មការនិងសាសនា លេខ៤៥/១៨.ក.ធ.ស ប្រ.ក។ ចំពោះផ្លូវចូលវត្ត ដែលកសាងដោយអ្នកភូមិនិងព្រះសង្ឃ ពីដើមឡើយជាផ្លូវរទេះតាំងពីបុរាណ ហើយក៏ជាក្បាលដីឈ្មោះលី គឿន ដែលបានប្រគេនដល់វត្តសម្រាប់ធ្វើផ្លូវផងដែរ។ តែបែជាលោកស្រី ដាណេ យកគ្រឿងចក្រមកឈូសផ្តាច់ហើយមិនមានដំណោះស្រាយទៅវិញ។
ព្រះអង្គបន្តថា នៅឆ្នាំ២០១៨ អ្នកស្រីដាណេ ឈូសផ្តាច់ផ្លូវហើយបោះបង្គោលថ្មរាំងមិនអោយចេញចូល។លុះខែឧសភា ឆ្នាំ២០១៩ ជួបប្រជុំដោះស្រាយ ព្រមព្រៀងថាវាស់ក្បាលដីរៀងៗខ្លួន សល់ប៉ុន្មាន ជាដីផ្លូវ។ តែមកទល់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះ គ្មានដំណោះស្រាយហើយ បែជាលេចមុខ មនុស្សមួយក្រុមមកកាប់ដើមឈើដែលអ្នកភូមិនិងលោកខំដាំ តាមផ្លូវចូលវត្តទៅវិញ។ ចឹងទេនៅថ្ងៃទី២៧ខែសីហា ខាងមុខនេះ បើគ្មានដំណោះស្រាយទេអ្នកភូមិមកដកបង្គោលដើម្បីបើកផ្លូវវិញ អាត្មា ក៏មិនហាមឃាត់ ហើយក៏ចូលរួមផងដែរ ព្រោះជាផ្លូវសាធារណ:។
ទាក់ទងករណីនេះ លោកស្រេង សែនឧត្តម ជាកូនប្រុសរបស់លោក ស្រី ដាណេ បានផ្ញើសារប្រាប់ថា ដីរបស់លោកមានលិខិតកាន់កាប់។ បើចង់ដឹងសួរអាជ្ញាធរឃុំ.ស្រុកដឹងហើយ។ ប៉ុន្តែលោកមិនបានឆ្លើយតបថា ហេតុអីទើបកាប់ព្រៃនោះទេ។
ជុំវិញហេតុការណ៍កើតឡើងនេះ លោក វ៉ាន់ ប៉ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តសៀមរាប មិនអាចសុំការបកស្រាយបានទេ ចំពោះវិវាទនៅវត្តខាងលើ ថា តើមានវិធីណាដោះស្រាយ ដោយទូរស័ព្ទ ហៅចូលច្រើនដង តែគ្មានអ្នកទទួល។
ចំណែកលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២១ខែ សីហានេះថា លោកនិងរកវិធីសម្របសម្រួល មិនអោយមានហេតុការដកបង្គោលរបងថ្មនោះកើតឡើងទេ ព្រោះបើបណ្តោយអោយមានចឹង ហិង្សាអាចនឹងកើតឡើង។ លោកបន្តថា ក្បាលដីប៉ុន្មានប្លង់នៅចំណុចកើតហេតុនោះ មានការទិញលក់តៗគ្នាច្រើនមកហើយ ចឹងទេការចុះវាស់វែងជាថ្មី ពិបាករកម្ចាស់ណាស់។ ប៉ុន្តែដីលោកស្រីដាណេ គឺមានលិខិតកាន់កាប់។ រឿងនេះបានប្រជុំដោះស្រាយគ្នាម្តងហើយ តែពិបាកម្ខាងមានលិខិតកាន់កាប់ ម្ខាងថាជាដីផ្លូវពីបុរាណ។ ប៉ុន្តែ ក្នុងនាមអាជ្ញាធរ នឹងរកវិធី មិនអោយមានហេតុការណ៍មិនល្អកើតឡើងក្នុងមូលដ្ឋានឡើយ៕SRP