កម្លាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហម ចុះ អប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បញ្ហា សុខភាព

កម្លាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហម ចុះ អប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បញ្ហា សុខភាព

ខេត្តកំពង់ចាម៖នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ លោក ទូច ឆៃ នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា និងយុវជនកាកបាទក្រហមកម្ពុជា សហការជាមួយ កម្លាំង នគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចកែងភ្លើងស្តុប ទាំង៤កន្លែង ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជា ការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម ផងដែរ ។

ដោយ នៅតាមគោលដៅស្តុបនីមួយៗ សាខាបានប្រើប្រាស់កម្លាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ចំនួន ៨នាក់ ទីប្រឹក្សាយុវជន ២នាក់ មន្ត្រីក្រុមប្រតិបត្តិសាខា ២នាក់ និងនគរបាលចរាចរណ៍ផ្លូវគោក ៤នាក់សរុបទាំង ៤គោលដៅស្តុប មានចំនួន៥៤នាក់។

ក្នុង នោះ ក្រុមការងារតាមគោលដៅស្តុបនីមួយៗ បានធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត ម៉ូតូ និងអ្នកធ្វើដំណើរទាំងឡាយ ខិតខំគោរពអោយបានម៉ឹងម៉ាត់នូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមួកសុវត្ថិភាព កុំបើកបរហួសល្បឿនកំណត់ ត្រូវបំពេញលក្ខខណ្ឌយានជំនិះ របស់ខ្លួនឲ្យបានគ្រប់គ្រាន់ , សូមកុំបើកបរ ពេលពិសារគ្រឿងស្រវឹង ដើម្បី រក្សាការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ស្របតាមទិសស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ “។

ក្រុមការងារ ក៏បានអប់រំផ្សព្វផ្សាយ ដល់អ្នកដំណើរទាំងឡាយ ឲ្យលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ តាមរយៈ វិធានការអនាម័យស្អាត ៣ យ៉ាង និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំរបស់ក្រសួងសុខាភិបាល ពិសេស សារសម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រក្សាអោយបានសុវត្ថិភាពផ្ទាល់ខ្លួន ហើយត្រូវធានាថា ” ក្រោយថ្ងៃសម្រាកចូលឆ្នាំនេះ មិនមានការឆ្លងជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍ឡើយ។ ទន្ទឹមនឹងនោះ ដោយសាររដូវនេះ ជារដូវស្សា ក្រុមការងារ ក៏បានធ្វើការណែនាំបន្ថែម អំពីការរក្សាអនាម័យលំនៅដ្ឋាន ការកំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ការគេងក្នុងមុង ដើម្បីបង្ការការពារ កុំអោយឆ្លងជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាមផងដែរ៕ SRP