ខេត្តសៀមរាប៖មន្ត្រីបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ម្មាក់បានសាងសង់សំណង់អគារដ៏ស្កឹមស្កៃ នៅតំបន់ឧទ្យានអង្គរ ត្រូវបានវាយកម្ទេចចោលវិញ។
ទីតាំងសំណង់ដ៏ធំនេះត្រូវបានគេអះអាងថាបានសាងសង់ជាយូណាស់មកហើយស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិលក្រុងសៀមរាប ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជាង២លានដុល្លាអាមេរិកឯណោះ។
យោងតាមប្រភពបានឲ្យដឹងថាសំណង់ដ៏ធំរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា។
តាមប្រភពបានឲ្យដឹងថា ដើមចមដែលនាំឲ្យមានសំណង់ធំនេះ គឺដំបូងឡើយគេបានយកឈ្មោះ ក្រសួងសាធារណការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារបម្រើការជួសជុលផ្លូវជាតិលេខ៦។ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់សំណង់ដ៏ធំខុសពីការស្នើសុំ ហើយបានរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំសាងសង់តាមការអនុញ្ញាត។
មន្ត្រីបាននិយាយថា បន្ទាប់ពីមានការចាត់វិធានការនេះ ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើសំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០មុននេះពីរថ្ងៃ។
ពាក់ព័ន្ធការសាងសង់សំណង់ពលរដ្ឋជាច្រើនបានលើកឡើងថានៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងរឹងតឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួចត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមៗនឹងវាកម្ទេចចោលដោយគ្មានការយោគយល់ឡើយ។ មតិពលរដ្ឋបានលើកឡើងថាបើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថាមានលិខិតអនុញាតឬយ៉ាងណានោះទេ៕SRP