អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ នាំយកប៉ាវអ៉ីសម្រាក និងទឹកអាល់កុល ផ្តល់ជូន ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ

អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ  នាំយកប៉ាវអ៉ីសម្រាក និងទឹកអាល់កុល ផ្តល់ជូន ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ នៅព្រឹកមិញបានអញ្ជើញចុះសំណេះសំណាល នឹងនាំយកប៉ាវអ៉ីបត់ ក្រម៉ា សៀវភៅក្រមង៉ុយ ថវិកា ដបអាល់កុល និងទឹកអាល់កុលចំនួន០២តោន ទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ដើម្បីចែកជូនប៉ុស្តិ៍សុខភាពទាំង១២។
មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ លោក ចាយ បូរិន បានលើកឡើងថា សម្ភារដែលលោក នាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។

លោក ចាយ បូរិន តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាសអោយបានជាប្រចាំ។

ក្នុងឳកាសនោះដែរ លោក ចាយ បូរិន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។

សូមជម្រាបថា សម្ភារ និងថវិកា ដែលលោក ចាយ បូរិន នាំយកទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ រួមមាន៖ ប៉ាវអ៉ីបត់ ចំនួន៥០សំរាប់, កំប៉ុងដាក់ទឹកអាកុល, ទឹកអាល់កុលលាងដៃចំនួន០២កាន, ក្រម៉ាចំនួន២០០, សៀវភៅក្រមង៉ុយ ៧០ក្បាល និងថវិកា។ ព្រមទាំងផ្ដល់ជូនលោកគ្រូអ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលដែលបានចូលរួម ក្នុងម្នាក់ទទួលបានសៀវភៅក្រមង៉ុយ០១ក្បាល, ក្រម៉ា០១ និងថវិការមួយចំនួនផងដែរ៕SRP