ខេត្តសៀមរាប៖ មន្ត្រីបានថ្លែងថាលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំមន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋ ជិះកង់ជាលក្ខណៈគ្រួសារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក និងលើកទឹកចិត្ត កសិករ ដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។
អាជ្ញាធរបន្តថាសមាជិកដែល ចូលរួមជិះកង់មានចំនួន ២៥២នាក់ លើប្រវែងផ្លូវចម្ងាយ ៤០គម ដោយចេញដំណើរពីសាលាស្រុក ដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានឆ្លងកាត់ភូមិសាស្រ្តឃុំចំនួន ៣ គឺឃុំរលួស ឃុំកន្ទ្រាំង និង ឃុំបល្ល័ង្ក ។
កម្មវិធីជិះកង់នេះ ក៏មានកម្មវិធីដាំដើមឈើចំនួន ៧០០ដើម (ដើមធ្នង់ ដើមក្ងោក និងដើមលឿងរាជ នៅបរិវេណសាលាស្រុក ផ្លូវទៅប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ភូមិព្រំកុដ្ឋ) និងផ្លូវទៅសហគមន៍ព្រៃឆ្កែលូ(ភូមិក្រពើ) សួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារជួបការលំបាកជីវភាពចំនួន ១០គ្រួសារ នៅឃុំកន្ទ្រាំងនិងឃុំបល្ល័ង្ក និងជួបបងប្អូនកសិករនិងទស្សនាកន្លែងដាំបន្លែ និងចិញ្ចឹមមាន់ កង្កែបជាលក្ខណៈ គ្រួសារនៅភូមិតាត្រាវ និងភូមិស្រិតខាងលិច ឃុំកន្ទ្រាំង រួមជាមួយការទស្សនាប្រាសាទចៅស្រីវិបុលកេរ្ត៍ និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ផងដែរ។
សូមបញ្ជាក់ថាការជិះកង់ជំរុញលើកទឹកចិត្តឲ្យកសិករដាំបន្លែនិងការចិញ្ចឹមសត្វលក្ខណ:គ្រួសារនេះគឺមន្ត្រីរដ្ឋបាលស្រុកនិង ជិះជាប្រចាំខែ ដោយមួយខែជិះម្ដង៕SRP