លោកអ៊ុន ចាន់ដា ណែនាំឲ្យមន្ត្រី​ផ្សព្វផ្សាយ​ ភូមិឃុំមានសុវត្ថិភាព កុំឲ្យពលរដ្ឋ ចាញ់បោកមេខ្យល់

លោកអ៊ុន ចាន់ដា ណែនាំឲ្យមន្ត្រី​ផ្សព្វផ្សាយ​ ភូមិឃុំមានសុវត្ថិភាព  កុំឲ្យពលរដ្ឋ ចាញ់បោកមេខ្យល់

ខេត្តកំពង់ចាម៖ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ របស់​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ គ.ខ.ប.ជ​ នៅព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ និង​ជាប្រធាន​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ណែនាំដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ឲ្យ​បន្តការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ ចំណុចជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ចៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះដោយការជួញដូរមនុស្ស។

លោក​​ អ៊ុន​ ចាន់ដា​ បាន​លេីក​ឡើង​ថា​ រយៈពេល៦ខែដើមឆ្នាំ​២០២០នេះ​ ពលករ ពលការិនី ជួបប្រទះនូវការចាញ់បោកមេខ្យល់ជាបន្តបន្ទាប់ ហើយក៏កំពុងប្រឈមទៅនិងហានិភ័យខ្ពស់សម្រាប់ការចេញទៅប្រកបរបរនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ​ជាដើម​។
លោក​អភិបាលខេត្ត​​ បាន​ថ្លែង​ថា បញ្ហាទាំងអស់នេះ បើយើងទាំងអស់គ្នាមិនខិតខំពុះពារ ជម្នះនូវឧបសគ្គដើម្បីចូលរួមទប់ស្កាត់ ឲ្យបានទាន់ពេលវេលាទេនោះ ពលករ ពលការិនី យើងអាចនឹងទទួលរងនូវគ្រោះថ្នាក់ ទាំងគ្រោះថ្នាក់ការងារ ទាំងគ្រោះថ្នាក់សុខភាព មិនតែប៉ុណ្ណោះអាចនាំនូវបញ្ហាគ្រោះថ្នាក់សុខភាពមកដល់ក្រុមគ្រួសារ ដល់សហគមន៍ និងដល់សង្គមជាតិទៀតផង។ ​
ដោយ​ឡែក​ពាក់ព័ន្ធទៅនឹងបញ្ហាកុមារដើរសុំទាននៅក្នុងក្រុងកំពង់ចាម
​​អភិបាលខេត្ដ​​ បាន​ស្នេី​ឲ្យក្រុមការងារការពារជនរងគ្រោះ ដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តជាប្រធាន សហការជាមួយអាជ្ញាធរក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី ដើម្បីគ្រប់គ្រង មុខសញ្ញាទាំងអស់នេះឲ្យមានសណ្តាប់ធ្នាប់ និងអាចចៀសផុតពីការ ឆ្លងជំងឺកូវីដ ១៩ផងដែរ៕SRP