កាកបាទក្រហម ខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យ សកម្មភាពការងារ ប្រចាំ​ឆមាស​ទី​១​ និងលេីកទិសដៅឆមាសទី២​ទី​២

ខេត្តកំពង់ចាម៖សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំ​ឆមាស​ទី​១​ និង​លេីក​ទិសដៅ​ឆមាស​ទី​២​ ក្រោមវត្តមានលោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ នៃ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​​ ក្នុង​វិស័យ​​មនុស្សធម៌​ នាពេល​កន្លង​មក​ ដោយ​បាន​គៀងគរ​ជំនួយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ដេីម្បី​ជួយ​សង្រ្គោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ និង​ជន​រងគ្រោះ​ផ្សេង​ៗ​។ លោកប្រធាន ក៏​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជា​សមាជិក​សាខា​គ្រប់​រូប​ ​ឲ្យ​មាន​ការ​រួម​ចិត្តរួម​គំនិត​គ្នា​ ដេីម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ត្រៀម​លក្ខណៈ​​រៀបចំ​ផែនការ​ ដេីម្បី​​​បម្រើ​ដល់​វិស័យ​មនុស្សធម៌​បន្ត​ទៅ​ទៀត​ ។ ​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​​ប្រធានសាខា​​ ក៏​បាន​ធ្វេី​ការ​ដោះស្រាយ​នូវបញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​មាន​ដូចជា​ការ​​ដោះស្រាយ​បញ្ហា​រៀបចំ​បន្ទប់​ប្រជុំ​Video Conference​​ ការ​ជ្រេីសរេីស​បុគ្គលិក​ជំនាញ​​IT ការរៀបចំវេចខ្ចប់ សម្ភារប្រេីប្រាស់ឲ្យបានត្រឹមត្រូវមុននឹងបញ្ជូន​ទៅ​ដល់​ដៃ​ជន​រងគ្រោះ​ ​ការ​រៀបចំ​ទុកដាក់​​ឯកសារ​ផ្សេងៗ​​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ការ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ ដេីម្បី​បម្រើ​ដល់​វិស័យ​មនុស្សធម៌​នៅ​តាម​មូលដ្ឋាននានា​ផងដែរ​៕SRP