គម្រោង​កែលម្អសួនច្បារ ជិតគល់ស្ពាន គីហ្សូណា សម្រេច​បាន​១០០%

ខេត្តកំពង់ចាម៖គម្រោងកសាងកែលម្អសួនច្បារមាត់ទន្លេក្នុងកំពង់ចាម​ គិតត្រឹមថ្ងៃនេះ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរ។ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
សូមបញ្ជាក់ថានៅព្រឹកមិញ
លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រួម​ដំណើរ​ជាមួយ​ លោក​ ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​​ និង​ប្រធាន​ក្រុម​ហ៊ុន​​ម៉ៅការ​សាងសង់​ បានអញ្ជើញចុះពិនិត្យ​គុណភាព​នៃ​គម្រោងកែលម្អសួនច្បារ ចាប់ពីចំណុចអតីតកំពង់សាលាឡាងចាស់ រហូត​ដល់​គល់​ស្ពាន​ គីហ្សូណា ស្ថិតនៅ​ក្នុង​សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានស្នើដល់ប្រធានក្រុមហ៊ុនម៉ៅការ ឲ្យ​ជួយ​កែសម្រួល​លើ​ផ្នែក​មួយ​ចំនួន​ដែល​សាងសង់​រួច​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​ កែលម្អនៅកន្លែងដែលរងការខូចខាតមួយចំនួន​ផងដែរ​។
សុំជម្រាបផងដែរថា ការរៀបចំសួនច្បារនេះដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរលម្ហែកាយ៕SRP