មន្ត្រី៖ទំនប់នេះ អាចស្តុកទឹកទុក ជាង១២លានម៉ែត្រត្រីគុណ សម្រាប់កសិករប្រើប្រាស់ចំនួនពីរឃុំ

ខេត្តកំពង់ចាម៖តំណាង​ប្រជាពលរដ្ឋ លោក សាំង​ ឆន​ មេឃុំ​សំរោង​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​កសាង​ទំនប់អាងទឹកតំបន់នេះ​ឡើង​វិញ​ ដែល​អាច​មាន​លទ្ធភាព​រក្សាទឹក​ទន្លេ​មេគង្គ​ទុកបាន​រហូត​ជាង១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១១ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និង៦ភូមិ​ ​ក្នុង​ឃុំព្រៃចារ ស្រុកជើងព្រៃ សរុប​៤៧២៩គ្រួសារ​ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ។ ម្យ៉ាងវិញទៀត ខ្នង​ទំនប់​អាងទឹក​តំបន់​ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ភ្ជាប់​ពី​មូលដ្ឋាន​ មក​ទី​ប្រជុំជន​ និង​ដឹក​ជញ្ជូន​កសិផល​ កសិកម្ម​ យក​ទៅ​លក់​នៅ​ទីផ្សារ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ផង​ដែរ​។
ចំណែកលោកលោក​ អ៊ុម​ វិបុល​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ជួសជុល​ទំនប់​អាងទឹក​តំបន់​ខាងលើ​នេះឡើង​វិញ​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព​ នៃ​ការ​បង្កបង្កើនផល​ របស់ប្រជាកសិករ​ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។
លោក​ប្រធាន​មន្ទីរ​​បាន​បន្តថា​ ក្នុងការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង​ផងនោះ ដោយ​រដ្ឋបាលខេត្តកំពង់ចាម បាន​ធ្វើ​ការ​ស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល​ កែលម្អសំណង់នេះឡើងវិញ។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០២០នាព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក​ ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​​ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​ចុះពិនិត្យទំនប់អាងទឹកតំបន់ និង​សំណង់សិល្បការ​ ខាងលើនេះ ដែលទើបតែស្ថាបនារួចរាល់ក្នុងពេលថ្មីៗនេះ ហើយ​​អជ្ញាធរ​ក៏មាន​គម្រោង​ដាំ​ដើម​ឈើ​(កូនស្តៅ)នៅ​លើនៅលើខ្នងទំនប់នោះផងដែរ៕SRP