ខេត្តសៀមរាប៖ក្រុមមន្ត្រីបាននិយាយថាបានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយកន្លែងដែលមានឈ្មោះ អ៉ិចបា (X Bar) មានទីតាំងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។
ការចុះផ្អាកនេះធ្វើឡើងនាយប់ថ្ងៃសុក្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយ ក្រុមមន្ត្រីការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត ដឹឹកនាំដោយប្រធាន មន្ទីរទេសចរណ៍ខេត្តសហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប អធិការដ្ឋានក្រុងសៀមរាប។
មន្ត្រីនិយាយបន្ថែមថាក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំច្បាប់អោយបានត្រឹមត្រូវនិងត្រូវរង់ចាំការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។
សុំបញ្ជាក់ផងដែរថានៅក្រុងសៀមរាបមានភោជនីយដ្ឋានមួយចំនួនអាចលួចបើកអាជីវកម្មខារ៉ាអូខេបំពានទៅនឹងសេចក្ដីណែនាំក្រសួងសុខាភិបាលផងដែរ៕SRP