ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍បានឲ្យដឹងថាសត្វគោចំនួន០៨ក្បាល ដែលម្ចាស់បានលែងឲ្យរកស៊ីស្មៅនៅតាមផ្លូវសាធារណៈ ត្រូវគោយន្តកែឆ្នៃមួយគ្រឿងបុកងាប់។
ហេតុការណ៍ការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០លើផ្លូវក្រាលគ្រួសក្រហម លេខ៥១C ចំណុចអូរធំ ស្ថិតភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ជាផ្លូវតភ្ជាប់ពីខេត្តកំពង់ធំ មកស្រុកកំពង់លែង។
លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតទ្បើងដោយមានគោយន្ដកែឆ្នៃមួយគ្រឿង គ្មានស្លាកលេខ បើកបរក្នុងទិសដៅពី ខេត្តកំពង់ធំមកស្រុកកំពង់លែង ខណៈដែលអ្នកបើកបរ បានបើកគេចជង្ហុក ក៏ជ្រុលទៅបុកសត្វគោទាំង០៨ក្បាលនេះងាប់រណូកប្រណែល ក្នុងនោះមានគោញីចំនួន០៥ក្បាល ដែលម្ចាស់បានលែងឲ្យស៊ីស្មៅតាមផ្លូវសាធារណៈ។
អធិការនគរបាលស្រុកកំពង់លែងបានបញ្ជាក់ថា៖ ក្រោយពេលកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណគេនៅឡើយដោយទុកគោយន្តកែច្នៃនៅនិងកន្លែងកើតហេតុ។ ករណីនេះសមត្ថកិច្ច បានយកគោយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕SRP