ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋពីរគ្រួសារបាននាំគ្នាជិត២០នាក់មកបោះបង្គោលលើព្រំដីក្រោយសាលាឃុំរាប ដោយអះអាងថាជាដី កេរ្តិ៍ដំណែល របស់ឪពុកម្តាយគាត់តាំងពីពួកគាត់នៅក្មេងៗមកម្ល៉េះតែអាជ្ញាធរឃុំរាប មិនអនុញ្ញាត ដោយអះអាងថាជាដីរបស់សាលាឃុំ។
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះលោកស្រី ប្រាក់ វណ្ណនឿន នឹង ប្អូនស្រីរបស់គាត់ឈ្មោះ ប្រាក់ វណ្ណី រស់នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែងបានប្រាប់អ្នកសារព័ត៌មានថាដីដែលមានទីតាំងនៅក្រោយសាលាឃុំរាប នេះគឺជាដីកេរ្តិ៍ដំណែលពីឪពុកម្តាយគាត់ចែកអោយពួកគាត់អាស្រ័យផលដើម្បីចិញ្ចឹមជីវិតហើយកន្លងមកក៏មានអាជ្ញាធរភូមិឃុំចាស់ៗទទួលស្គាល់ដីនេះថាជាដីរបស់ពួកគាត់៦ជំនាន់មកហើយដែរ តែលោក ផន ផល មេឃុំរាប បច្ចុប្បន្នមិនទទួលនិងហាមឃាត់មិនអោយគាត់ធ្វើរបងឬបោះបង្គោល។
ដូច្នេះពួកគាត់សូមសំណូមពរដល់មន្ត្រីថ្នាក់ដឹកនាំខាងលើជួយពិនិត្យមើលនឹងជួយសម្រួលដល់ពួកគាត់ផង។
ជុំវិញករណីនេះលោក ផន ផល មេឃុំរាប បានឲ្យដឹងថាដីក្រោយសាលាឃុំរាប នេះគឺមិនមែនតែគាត់ទេ ដែលមិនអនុញ្ញាតគឺកន្លងមកក៏មានមេឃុំមុនៗ ក៏មិនអនុញ្ញាតដែរ។ លោកក៏បានបញ្ជូនទៅដល់សាលាស្រុករួចហើយដែរ តែខាងស្រុកដោះស្រាយឬមិនដោះស្រាយគាត់ក៏មិនដឹងដែរ។
គួររំលឹកផងដែរថាកន្លងមកនៅឃុំរាប នេះគឺធ្លាប់មានបញ្ហារឿងដីធ្លីច្រើនករណីហើយក៏ធ្លាប់មានការរិះគន់ពីប្រជាពលរដ្ឋខ្លះផងដែរ តែក៏បានអាជ្ញាធរស្រុកដែលមានលោក ហ៊ី ធួក អភិបាលស្រុកបានជួយដោះស្រាយជូនប្រជាពលរដ្ឋបានដោយជោគជ័យ ប្រកបដោយយុត្តិធម៌ដែលប្រជាពលរដ្ឋទទួលយកបានដោយរីករាយ ប៉ុន្តែឥឡូវនេះក៏ស្រាប់តែមានករណីដូចខាងលើនេះមួយទៀត ដូច្នេះសង្ឃឹមថាអាជ្ញាធរស្រុកនឹងដោះស្រាយជូនពួកគាត់បានដោយជោគជ័យដូចកាលពីកន្លងមកផងដែរ៕ SRP ដោយ: សូ សុខា