ភ្នំពេញ៖យោងតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីបុសមន បានឲ្យដឹងថា កាលជំនាន់លោក ខៀវ សារឿន នៅធ្វើជាប្រធានសាខាគយខេត្តស្វាយរៀង បានបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ប្រើអំណាចរបស់ខ្លួនឲ្យកូនចៅប្រមូលលុយពីអាជីវករតាមអំពើចិត្ត។ ឥឡូវនេះនៅពេលដែលលោក ហេង សំបូរ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ក៏នៅតែបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន បន្តប្រមូលលុយតាមរបៀបពុករលួយដដែល។ លើសនេះទៅទៀតលោក ឃុត សាលីន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញក្លែងក្លាយយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារ។
ប្រភពពីប្រជាពលរដ្ឋនិងក្រុមអាជីវករដែលនាំទំនិញពីវៀតណាមចូលតាមច្រកទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សរបស់លោក ឃុត សាលីន ឈរនៅខាងមុខរបងស្នាក់ការការិយាល័យគយនិងរដ្ឋាករបុសមន ប្រមូលលុយពីពួកគាត់តាមរបៀបពុករលួយយ៉ាងងងើល។ ប្រភពបានឲ្យដឹងទៀតថា អ្នកដឹកទំនិញតាមម៉ូតូត្រូវបង់១ម៉ឺនរៀល អ្នកដឹកទំនិញតាមរ៉ឺម៉កម៉ូតូ គេយក៤ម៉ឺនរៀលទៅ១០ម៉ឺនរៀល ហើយអ្នកដឹកទំនិញតាមគោយន្ត និងរ៉ឺម៉កធំៗត្រូវបង់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល តាមទំហំរ៉ឺម៉ក ទំហំត្រាក់ទ័រនិងបរិមាណទំនិញ។
ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថារាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ ដោយអ្នកប្រមូលលុយប្រាប់ពួកគាត់ថា ធ្វើតាមបញ្ជារបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន។
បើតាមការបង្ហើបពីមន្ត្រីគយនិងខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថា កន្លងមកការដែលលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ហ៊ានប្រើអំណាចឲ្យមន្ត្រីខ្លួនប្រមូលលុយមិនញញើតគឺដោយសារអាងមានលោក ខៀវ សារឿន អតីតប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវយ៉ាងពេញបន្ទុករបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ជារឿងមិនអាចបិទបាំងបានឡើយ។ ពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីលោកឃុត សាលីន បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP