ខេត្តកំពង់ចាម៖ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និងលោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត បាននាំយកសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកោះកែវ និងវត្តគង្គារាម (ហៅវត្តចុងបឹង) ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោកស្រី ស្រី គឹមឆយ មានប្រសាសន៍ថាថ្ងៃនេះ លោកជំទាវផ្ទាល់ ក៏ដូចជាលោកជំទាវជាអ្នកតំណាងរាស្ត្រដូចគ្នា រួមជាមួយ សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និងសប្បុរសជននានា បានបរិច្ចាកនូវធនធានផ្ទាល់ខ្លួននាំនូវសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការជួយទំនុកបម្រុង ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នៅវត្តកោះកែវ និងវត្តគង្គារាម។ ដែលក្នុង១វត្តៗមាន៖ អង្ករមី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកា១.២០០.០០០រៀល៕SRP