ខេត្តសៀមរាប៖លោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដានេះ បានជួបជាមួយលោក ទៀ សីហា អភិបាលខេត្ត ដើម្បីសម្តែងការគួរសមនិងពិភាក្សាកាងារអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប។
នៅក្នុងកិច្ចជួបពិភាក្សានេះ លោក ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាប បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដោយបានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ១៩ សរុបបានចំនួន៧១៩ករណី ស្រី២៧០នាក់ ការធ្វើតេស្តជនសង្ស័យសំណាកអវិជ្ជមានចំនួន៧១២នាក់ ស្រី២៦៩នាក់ និងតេស្ដ សំណាកវិជ្ជមានចំនួន០៧ករណី ស្រី ០១នាក់ ក្នុងនោះរួមមាន៖ ជនជាតិខែ្មរចំនួន០៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយទាំងអស់។
លោកទៀ សីហា បានបញ្ជាក់បន្ថែមថាខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រក អន្តរជាតិប៉ោយប៉ែត អូរបីជាន់ ដូង និងច្រកអូរស្មាច់ ព្រមទាំងបានបញ្ជូនមកកាន់ទីតាំងមណ្ឌលត្រួត ពិនិត្យសុខភាព ខេត្តស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹត ការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដាន សុខភាពមុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតត្រឹមថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០ មានចំនួន៨៩២នាក់ ព្រមទាំងបានរៀបចំទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមបណ្ដាសាលារៀនក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាបសរុបចំនួន ១៣០ទីតាំង។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានបន្តធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំផង ដើម្បីចៀសវាងមានរលកទី២ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕SRP
អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាល ជួបអាជ្ញាធរខេត្តសៀមរាប ពិភាក្សា អំពីជំងឺកូវីដ១៩