ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលបានស្ម័គ្រចិត្ត មករស់នៅលើដីសម្បានសង្គមកិច្ច ស្ថិតនៅក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចះ ចំនួន៣៤ មកពីបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម ដែលមានជីវភាពក្រលំបាកអត់ដីអត់ផ្ទះ ហេីយត្រូវការជាចាំបាច់នូវលំនៅឋានសមរម្យ និងដីកសិកម្មសម្រាប់បង្កបង្កើនផល ដេីម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
វត្តមានរបស់លោក អ៊ុន ចាន់ដា ក្នុងពិធីនោះ សបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់សមាគមអតីតយុទ្ធជនកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ដែលតែងតែបានគិតគូរពីសុខទុក្ខផលប្រយោជន៍ និងលេីកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជន ដែលជាការរួមចំណែកយ៉ាងសំខាន់បំផុតដល់ការអនុវត្តន៍គោលនយោបាយជាតិចំពោះអតីតយុទ្ធជន របស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន ដីលំនៅដ្ឋានទំហំ ៣០×៤០ ម៉ែត្រ សង់អំពីឈើប្រកស័ង្កសី-ដីចំការចំនួន០២ ហិកតា-ផ្លូវលំចំនួន០៤ខ្សែ-ចេញថ្លៃ តបណ្ដាញទឹក-ភ្លើង រដ្ឋ ។ល។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា ក៏បាននាំយកអំណោយរបស់សមាគមអតីតយុទ្ធជន មកផ្តល់ជូនបងប្អូនទាំង៣៤ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន២បាវ ទឹកត្រី ទឹកសុីអុីវ មីកេះ-ភួយ-មុង និងថវិការចំនួន២០ ម៉ឺនរៀល ផងដែរ៕SRP
សម្តេច ហ៊ុន សែន ផ្ដល់អំណោយ ដល់ អតីតយុទ្ធជនស្ម័គ្រចិត្ត៣៤គ្រួសារ