ខេត្តកំពង់ចាម៖លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមដំណើរការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៥គម្រោង ស្មើនឹង៥ឃុំ ដែលបានធ្វេីឡើងនៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ពោយ សុខជា នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងស្រុក គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៊ិន ឡាដា បានធ្វើការសំណូមពរដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ សូមឲ្យការអនុវត្តគម្រោងធ្វើយ៉ាងណា ត្រូវឲ្យមានតម្លាភាព ហេីយធ្វើការសាងសង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះ ពោយ សុខជា ក៏បានស្នើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ឲ្យមានការគោរពតាមក្រមសីលធម៌នៃការដេញថ្លៃ និងកុំបង្កភាពរញ៉េរញ៉ៃក្នុងកំឡុងពេលដាក់ដេញថ្លៃ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ក៏អាចមានសិទ្ធិចូលរួមពិនិត្យការដេញថ្លៃនេះដែរ តែមិនមានសិទ្ធិរារាំង ឬចាត់ចែងលេីនីតិវិធីនៃការដេញថ្លៃនោះបានឡើយ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំកោះរកា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកោះគល់(១) ។
២-ឃុំរអាង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨០គ.ម ទទឹង ៤ មែត្រ នៅភូមិទួលរកា និងភូមិរអាងលើ ។
៣-ឃុំគគរ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៦៦ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១ ។
៤-ឃុំរំចេក សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥១០ គ.ម ទទឹង ៣ មែត្រ នៅភូមិរំលេច ។
៥-ឃុំក្រឡា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥១៦ គ.ម ទទឹង ៤ មែត្រ នៅភូមិត្រពាំងជ្រៃ ។
ដោយនីតិវិធីនៃការដេញថ្លៃនេះប្រព្រឹត្តទៅដោយរលូននោះ ប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មទាំង៥ឃុំ បានធ្វើការប្រកាសទទួលយកទាំង៥គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការទាំងនោះ សូមឲ្យអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងធ្វើឲ្យត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ ផងដែរ៕SRP