នាយករដ្ឋមន្ត្រី៖ ថ្ងៃនេះខួប១២ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាអបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

បើតាមសម្ដេចតេជោ នាយករដ្ឋមន្ត្រី ថា ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕SRP