លោកអ៊ុន​ ចាន់ដា ប្រាប់ពលរដ្ឋថា ​ពេលទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី កុំ​យក​ទៅបញ្ចាំ ឬក៏លក់ដូរ

0

ខេត្តកំពង់ចាម៖នៅចំពោះមុខប្រជាពលរដ្ឋលោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានថ្លែងថា បន្ទាប់​ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិគ្រប់គ្រងដីធ្លីនេះហើយ សូម​​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​យក​ទៅបញ្ចាំ ឬក៏​លក់​ដូរ​អី​ គឺ​ត្រូវ​ខិតខំ​ធ្វើការ​អាស្រ័យ​ផល​លេី​ដី​នេះ​ ឲ្យ​មាន​ជីវភាព​ធូរធារ​ទាំងអស់​គ្នា​ និង​គួរតែ​ទុកជា​​​​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​យើងនៅ​ជំនាន់​ក្រោយ​ៗ​ ឲ្យ​បាន​ទទួលផលប្រយោជន៍ពីដីនេះ។ ព្រោះ​នេះ​ជា​ដី​ដែល​សម្តេច​តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ ​តាម​រយៈ​​គោលនយោបាយ​ឈ្នះ​ៗ​របស់​សម្តេច។
លោក​​អភិបាលខេត្ត​ ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា​ អាជ្ញាធរ​ដែល​ឈរ​នៅ​ចំពោះ​មុខ​បងប្អូន​ទាំង​អស់​គ្នា​នេះ​ គឺ​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​ បេី​បងប្អូនមាន​បញ្ហា​អ្វី​ ឬ​ត្រូវ​ការ​អ្វី​នោះ​ សូម​ប្រាប់​មក​អាជ្ញាធរ​​តាម​រយៈ​​ភូមិ​ឃុំ​ និង​ស្រុក​ ដេីម្បីឲ្យ​ពួក​គាត់​ជួយ​​ដោះស្រាយ​រាល់​តម្រូវការ​ជូន​ពុក​ម៉ែ​បងប្អូន​។
លោក​​ អ៊ុន​ ចាន់ដា​ ថ្លែងយ៉ាងដូច្នោះ នៅព្រឹកថ្ងៃអង្គារទី២៣​ខែមិថុនា​នេះ ក្នុងពេលចុះដោះស្រាយបញ្ហាវិវាទដីធ្លីមួយកន្លែង ស្ថិត​នៅ​ក្នុង​ថ្មី​ និង​ភូមិ​តាមាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ ដោយ​ភាគី​ទាំង​ពីរបានទទួលផលប្រយោជន៍ពីដីទីទួលចំប៉ីនោះ​ទាំងអស់​គ្នា​ ពោលគឺ​ភាគី​ចង់​បាន​​ប្លង់​កម្មសិទ្ធិមកគ្រប់គ្រងបានស្ម័គ្រចិត្តកាត់ដី២០%​ ​សម្រាប់​បម្រុង​ទុក​ជា​ទីទួល​សុវត្ថិភាព​ក្នុង​រដូវ​ទឹក​ជំនន់​ ដែល​ប្រជាពលរដ្ឋជា​ទូទៅ​​អាច​យក​សត្វ​ពាហនៈ​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ទីតាំង​នោះ​បាន​ទាំងអស់​គ្នា​ ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះៗ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ។
បើតាមមេឃុំ​កោះ​រកា​ លោក​ផន​ ផូ​ បាន​ឲ្យដឹងថា​ ​ពាក់ព័ន្ធ​ដីទី​ទួល​ចំប៉ី​នេះ​ គឺ​មាន​ទំហំ​ប្រមាណ​ជា​ង៦ហិកតា​ ដែល​មាន​ប្រជាពលរដ្ឋ​២៤គ្រួសារ​ នៅ​​ភូមិ​ថ្មី​ភូមិ​តាមាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ និង​ភូមិ​​កំពង់​រលីង​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ បាន​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិគ្រប់គ្រង ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ សុំ​ទុក​ជា​ទីទួល​សុវត្ថិភាព​សម្រាប់​បម្រុង​ទុក​ពេល​​រដូវ​ទឹក​ជំនន់​ផង​ដែរ​៕SRP