ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រាប់មន្ត្រីពាក់ព័ន្ធឲ្យរួមគ្នាទប់ស្កាត់និងលុបបំបាត់សកម្មភាពដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មឡធ្យូងគ្រប់ប្រភេទ។
ថ្លែងក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានអះអាងថា៖ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅ សម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ឱ្យខានតែបាន។
លោក ង៉ាន់ ភិរុណ បានលើកឡើងថា កិច្ចប្រជុំនេះ មានរបៀបវរ:៥ចំណុចដូចខាងក្រោមះ
ទី១ ការត្រួតពិនិត្យ និងពិភាក្សាអំពីការដឹកជញ្ជូនឈើតាម រទេះ និងគោយន្តកន្រ្តៃនៅក្នុងតំបន់ ឬឆ្លងកាត់តំបន់ការពារធម្មជាតិ។កិច្ចការនេះគឺជាភារកិច្ចពហុវិស័យ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចសហការអោយមានភាពទន់ភ្លន់និងបត់បែនទៅតាមស្ថានភាព ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការដឹកជញ្ជូនក្នុងការប្រើប្រាស់ក្នុងគ្រួសារនិងធ្វើអាជីវកម្ម។
ទី២ កិច្ចប្រជុំបានធ្វើដំណើរលើក ម្យ៉ាងទៀត បញ្ហាធ្វើឡធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្រ្តនៃស្រុកជីក្រែង មិនត្រឹមតែប្រើប្រាស់ក្នុងសហគមន៍នោះទេ តែបែរជាធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំទៅវិញ ដែលតម្រូវអោយ មន្ត្រីពាក់ព័ន្ធត្រូវចាត់វិធានការកាត់បន្ថយ ដោយប្រើវិធានការអប់រំ ណែនាំ មុនឈានដល់ការបង្រ្កាប។
ទី៣ ដើម្បីពង្រឹងការអនុវត្តលិខិតរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និង នៅក្រៅតំបន់ការពារធម្មជាតិ អាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចត្រូវសហការអនុវត្ត។ បើយោងតាមតារាងបញ្ជីទន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ដែល៣ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទី៤អាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ដែលក្រសួងបរិស្ថានក៏បាន ព្រមានផងដែរ ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាង ម៉ឺងម៉ាត់តាមផ្លូវច្បាប់។
ទី៥ ពិនិត្យនិងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ និង២០២០៕SRP


ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលិសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។