Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីនរបស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត៣នាក់ នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងចំណោមអ្នកស្លាប់ចំនួន ៣រូប ក្នុងនោះមានអ្នករស់នៅខេត្តសៀមរាប ២នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

១- លោក ម៉ា ស៊ីម៉េត អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ោយស្មាច់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

២. លោក ម៉ន ចក់ អាយុ ៣៧ឆ្នាំ រស់នៅភូមិសំរោងត្បួង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងទិដ្ឋភាពដ៏សោកសង្រេងនិងក្ដុកក្ដូលនាពេលនេះ លោក គុជ លីណា ក្នុងនាមគណៈកម្មាធិការសាខា ក្រុមប្រតិបតិ្ត អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់នៃសព ដែលពួកគាត់បានជួបនូវឧបទ្ទេវហេតុអាក្រក់មួយនេះ ហើយយើងខ្ញុំទាំងអស់គ្នា ពិតមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ពួកគាត់។

ក្នុងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យើងខ្ញុំនឹងចងចាំនូវគម្រូវីរភាពដ៏អង់អាចក្លាហានរបស់លោក ដែលបានបំពេញការងារមនុស្សធម៌ និងសង្គ្រោះជីវិតមនុស្សឱ្យរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនរយៈកាលកន្លងមក។

លោកក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមើលថែកូនៗដើម្បីឱ្យពួកគាត់មានអនាគតតទៅថ្ងៃមុខ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីខានឡើយ។

ក្នុងនោះសាខាកាកបាទក្រហមខេត្តក៏បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ ក្នុង១សពមាន៖ អង្ករ៣០គីឡូក្រោម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២លានរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ «$ ១៨៥លាន»បន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។

ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។

ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​សម្តេចក្រឡាហោម​ ស​ ខេង​  បានសម្រេចដកហូតមុខតំណែងលោក​ ហួត​ សីហា​ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ​ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ​ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល​ ។   ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ​ លោកហួត​ សីហា​ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក ផងដែរ។

សូមជម្រាបថាការដកតំណែងនេះ​ គគឺករណីចាប់យុវជន៣នាក់​ ពាក់ព័ន្ធគ្រឿងញៀន​ ដោយជំរិតទារប្រាក់ពីយុវជនទាំង៣នាក់នោះ ចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ភ្នំពេញ៖អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។

លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។

បើតាមលោក ផៃ ស៊ីផាន ចីរភាពដែលសម្ដេចតេជោគិតគូរសម្រាប់អាស៊ានគឺការរៀបចំយន្តការទៅអនាគតសម្រាប់ដំណោះស្រាយមីយ៉ាន់ម៉ាដែលវាហួសពីការអនុវត្តន៍នូវកុងសង់ស៊ីសនេះទៀត។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាស៊ានឱ្យបង្កើតយន្តការចំនួន២ ដែលរួមមានយន្តការធានាដល់បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ានម៉ា ដោយថាដើម្បីបើកផ្លូវឱ្យមានការចរចា និងការបោះឆ្នោតនៅឆ្នាំ២០២៣នៅមីយ៉ាន់ម៉ា។

សម្ដេចតេជោបានលើកជាយោបល់ថា យន្តការឈប់បាញ់យ៉ាងហោចណាស់ត្រូវមានភាគីប្រធានអាស៊ានមុន ប្រធានអាស៊ានបច្ចុប្បន្ន និងប្រធានអាស៊ានបន្ទាប់ បូករួមនឹងលេខាធិការអាស៊ាន ដើម្បីសម្របសម្រួលការឈប់បាញ់នៅមីយ៉ាន់ម៉ា ដើម្បីរក្សាសន្ដិសុខស្វាគមន៍ដល់ប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាសម្រួលដល់ការសន្ទនារវាងគ្រប់ភាគីទាំងអស់ និងឈានដល់ការបោះឆ្នោតមីយ៉ាន់ម៉ានៅខែសីហា ឆ្នាំ២០២៣។ សម្ដេចបានណែនាំបន្ថែមថាក្រោយមានយន្តការបញ្ឈប់អំពើហិង្សាគឺត្រូវមានយន្តការផ្ដល់ជំនួយមនុស្សធម៌អាស៊ានបន្ថែមទៀត។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថាកម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តសៀមរាប៖លោកទៀ សីហា បានចេញថ្លៃសេវាពិនិត្យសុខភាពជូនមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៥១១៧នាក់ សម្រាប់បន្តអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០២២នេះ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានមានប្រសាសន៍ថាលោកនឹងជួយដោះស្រាយជូនមួយចំនួនដូចជា ការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ដោយមិនបាច់បង់ប្រាក់ព្រោះខាងមន្ទីរជំនាញបានស្នើទៅថ្នាក់លើរួចហើយរង់ចាំការសម្រេច។ ដោយឡែកចំពោះការពិនិត្យសុខភាពសម្រាប់យកអាជ្ញាប័ណ្ណមកបន្តដោយម្នាក់ៗត្រូវបង់១០ដុល្លារ លោកនឹងចេញថ្លៃសេវាជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ជាង៥ពាន់១១៧នាក់ ស្រី៧០៩នាក់ ដោយឡែកសម្រាប់ ប័ណ្ណ (ប.ស.ស ) មន្រ្តីជំនាញនឹងពិភាក្សាមើលអំពីលិខិតបទដ្ឋាន ដើម្បីពិនិត្យលទ្ធភាពជូន។

ការចេញថ្លៃសេវាពិនិត្យសុខភាពនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅថ្ងៃទី១១ខែមករា នេះ។

សូមជម្រាបថា ក្នុងឱកាសជួបអភិបាលខេត្ត តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗ បានស្នើសុំមិនឱ្យយកកម្រៃលើការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាព សម្រាប់យកមកបន្តអាជ្ញាប័ណ្ណ ស្នើសុំឲ្យមានការផ្តល់ប័ណ្ណ(ប.ស.ស) ស្នើឱ្យមានការផ្តល់ប្រាក់១ខែ៤០ដុល្លារដូចបុគ្គលិកសណ្ឋាគារជាដើម។

លោកទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងរយៈពេល២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្ត ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងៗធ្វើ ដើមី្បផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រើយុទ្ធនាការស្រោចវ៉ាក់សាំងទូទាំងប្រទេសទើបធ្វើឱ្យស្ថានភាពកូវីដមានភាពធូស្រាលបន្តិច ព្រមទាំងបើកប្រទេសឡើងវិញ ហើយភ្ញៀវទេសចរក្នុងស្រុកក៏បានចាប់ផ្តើមដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក៏ងាកមកប្រើប្រាស់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងពន្យល់បកស្រាយអំពីប្រាសាទនិមួយៗផងដែរ។ ការប្រើប្រាស់សេវានេះ ធ្វើឱ្យបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍រកចំណូលបានខ្លះៗឡើងវិញ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍បានប្រែមកជាអង្គុយរង់ចាំភ្ញៀវដែលគេត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន។ សកម្មភាពភាពទាំងនេះ ធ្វើឱ្យមានការពិបាកមើល ចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់ ក្នុងការបម្រើសេវាជូនដល់ភ្ញៀវក្នុងស្រុក ដែលមកទស្សនា ដើម្បីដឹងនិងយល់ពីជីវប្រវត្តិ និង អត្ថន័យនៃរូបចន្លាក់តាមជញ្ជាំងប្រាង្គប្រាសាទ។

អភិបាលខេត្តបានបន្តថា ដើម្បីជួយដល់មគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងគ្រាលំបាកនេះ លោកមានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា រៀបចំឲ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗរៀបចំសមាជិក របស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ គេទៅរក និង មានសណ្តាប់ល្អទៀតផង។

លោកក៏បានជំរុញឱ្យបងប្អូនបានទៅទទួលការចាក់វ៉ាក់សាំងដូលទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី។

នាឱកាសសំណេះសំណាល លោកក៏បានផ្តល់ស្បៀងអាហារមួយចំនួនដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានចូលរួមក្នុងកម្មវិធីនេះចំនួន២៦៣នាក់ ដោយម្នាក់ទទួលបាន អង្ករ ២០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ ១យួរ និង ថវិកា ២ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តសៀមរាប៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យសមត្ថកិច្ចនគរបាល លុបបំបាត់ឲ្យអស់នូវប៉ុស្ដិ៍ជជុះ កុងត្រូលជុះអនាធិបតេយ្យគ្រប់ប្រភេទ។

លោកអ៊ុន ចាន់ដា បានថ្លែងថាកន្លងមកមានមនុស្សមកបង្ក្រាបបទល្មើសមួយចំនួននៅក្នុងមូលដ្ឋាន ដោយគេមិនបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននោះឡើយ ដោយគេសំអាងលើលិខិតPពីក្រសួង។ ដូច្នេះបើមកត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីពិនិត្យមើលឯកសារPមួយចំនួន។ លោកថា ថ្នាក់ខេត្តក៏មានសមត្ថកិច្ចជំនាញ ក្នុងការបង្ក្រាបបទល្មើសដែរ។

បើតាមលោក អ៊ុន ចាន់ដា ថា អ្នកមកបង្ក្រាបនោះដូចមកបំផ្លាញសន្លឹកឆ្នោតអីចឹង យើងខិតខំកសាងសន្លឹកឆ្នោតបាន២ទៅ៣សន្លឹក ពួកគេមកម្ដងបំផ្លាញ១០០សន្លឹក។

លោកក៏បានស្នើឲ្យអាជ្ញាធរសមត្ថកិច្ចតាមព្រំប្រទល់តាមខេត្តជាពិសេសជាប់ខេត្តកណ្ដាល ព្រោះកន្លងមកក៏មានរថយន្តមួយចំនួនចតចាំដេញរថយន្តយកលុយពីពលរដ្ឋផងដែរ។

លោក អ៊ុន ចាន់ដា ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបញ្ជា ចរាចរណ៍ ការពារគោលដៅ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃ១១ ខែមករា ឆ្នាំ២០២២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តកំពង់ចាម៖លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានខិតខំ អនុវត្តបាននូវគោលការ ក៏ដូចជា គាំទ្រ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំបឹងណាយ កន្លងទៅផងដែរ។

លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ នៅថ្ងៃអង្គារ៍ ទី១១ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំបឹងណាយ។

សន្និបាតក៏បានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបឹងណាយ ក្នុងអាណត្តិទី៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២​នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់​មន្ត្រី​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​​អង្គភាព​ច្រកចេញចូលតែមួយ​ នៅពេល​ដែល​ចេញ​លិខិត​អនុញ្ញាត​ការ​ធ្វើ​អាជីវកម្ម​លក់​អាចម៍​ដី​ គឺត្រូវ​ចំលង​ជូន​​រដ្ឋបាល​ក្រុង​-ស្រុក​ ដើម្បី​បន្តការពិនិត្យ​តាមដាន​ចំពោះ​ម្ចាស់​អាជីវកម្ម​នោះ​ តេី​ពួកគាត់​បាន​គោរព​តាមសេចក្តី​ណែនាំ​របស់​រដ្ឋបាល​​ខេត្តដែរ​ឬ​ក៏អត់​ ចៀសវាង​កន្ទេល​ធំ​បន្លំ​ដេក​​ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សោភណភាព​ផ្លូវ​ និង​បាត់បង់​សួយសារអាករចូលរដ្ឋ​។ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​អង្គភាព​​​ផ្តល់​សេវា​ ហើយ​នឹង​អាជ្ញាធរ​​មូលដ្ឋាន​ ត្រូវ​តែ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​តាម​ទំរង់​រដ្ឋបាល​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក​ អ៊ុន​ ចាន់ដា​ បាន​​លេីកឡេីងថា​ អាជ្ញាធរ​ក្រុង​-ស្រុក​ គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​​​ ចំពោះ​សំណង់​ដែល​ពុំមាន​លិខិត​អនុញ្ញាត​ គឺត្រូវធ្វើការ​ណែនាំ​ឲ្យ​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​​​ឲ្យ​បាន​ត្រឹមត្រូវ​​មុន​នឹង​សាងសង់​។ ដោយឡែក​សំណង់​ដែល​រំលោភបំពាន​លើ​ដី​ចំណី​ផ្លូវ​ ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវតែ​ធ្វើ​ការ​ហាមឃាត់​​ ហើយ​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង-ស្រុក​ និង​ខេត្ត​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឲ្យ​ទាន់ពេលវេលា​ផងដែរ​។

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២២

ខេត្តឧត្តរមានជ័យ៖មានការលើកឡើងថា ព្រៃឈើ និងសត្វព្រៃ ក្នុងដែនសហគមន៍សង្ឃរុក្ខវ័ន កំពុងរងការបំផ្លាញដោយក្រុមមនុស្ស៣ប្រភេទ ដែលពិបាកក្នុងការទប់ស្កាត់ជាទីបំផុត។

ករណីខាងលើនេះ បានធ្វើអោយ ព្រះសង្ឃនៃ សហគមន៍​សង្ឃ​រុក្ខ​វ័ន សម្ដែង​នូវ​ការព្រួយបារម្ភ ចំពោះ​ការបាត់បង់ នូវ​ធនធានធម្មជាតិ ព្រៃឈើ​ធំៗ និង​សត្វព្រៃ​គ្រប់​ប្រភេទ ក្នុង​ដែន​ព្រៃឈើ សហគមន៍​សង្ឃ​រុក្ខ​វ័ន នៃខេត្ត​ឧ​ត្ត​រមានជ័យ លើ​មនុស្ស​បី​ប្រភេទ បើទោះបីព្រៃឈើ​សហគមន៍​នេះ មានការ​ការពារ យ៉ាង​តឹងរឹង​បំផុត ពី​សំណាក់​ព្រះសង្ឃ​ក៏ដោយ​។​

ថ្មីៗនេះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឈ្មោះ Em So Ann ជា​គណនី​របស់​ព្រះសង្ឃ ដែល​ទូទៅ​គេ​ស្គាល់​ថា ជា​ព្រះសង្ឃ​កំពុង​ការពារ​ព្រៃឈើ សហគមន៍​សង្ឃរ​ក្ខ​វ័ន បានសរសេរថា៖ ព្រៃឈើ សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែល​ព្រះសង្ឃ ខំប្រឹង​ការពារ រយ:ជិត២០ឆ្នាំ​មក​នោះ អាច​រលាយអស់​នៅ​ប្រភេទ​ឈើប្រណិត និង​ប្រភេទ​សត្វ​កម្រ ដោយសារ​មនុស្ស៣ ប្រ​ភេ​ទ។ ក្នុងបណ្តាញបានសរសេរថា ប្រភេទ​មនុស្ស​ទី១ គឺ​អ្នក​ស្រុកភូមិ នៅ​ជិត​ព្រៃ សហគមន៍ ព្រះសង្ឃ​មួយចំនួន​តូច​។ ប្រភេទ​មនុស្ស​ទី​២ គឺជា​មន្ត្រី​ការពារ ផង​លួច​ផង ឯ ប្រភេទ​មនុស្ស​ទី​៣ គឺ​ធ្វើជា​អ្នក​ដេញ ចាប់ចោរ​ផង ឃុបឃិត​ជា មួយ​ចោរ​ផង។​

ក្នុងបណ្តាញដដែលសរសេរទៀតថា ប្រសិនបើ​គ្មាន​ការអនុវត្តន៍ ច្បាប់​តឹងរឹង ទៅលើ​មនុស្ស​ប្រភេទ ទាំង៣នេះ​ទេ ព្រៃឈើ អាច​រលាយអស់​ជាមិនខាន​។ ព្រះសង្ឃ​អង្គ​នេះ បាន​សំណូមពរ ដល់​បុគ្គល​មួយ ចំនួន ដែល​មក​ធ្វើជា​អ្នកការពារ​ព្រៃឈើ នៅ​ក្នុងសហគមន៍​សង្ឃ​រុក្ខ​វ័ន​នេះ គឺ​មកជួយ​ធ្វើការ​សហការការពារ​ព្រៃឈើ ជាមួយ​ព្រះសង្ឃ មិនមែន​មក​បញ្ជា ព្រះសង្ឃ នោះទេ​។

យោងតាមការសរសេរបង្ហោះសារ ដែលបង្ហាញពីការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃឈើ របស់ព្រះ សង្ឃនៃសហគមន៍សង្ឃរុក្ខវ័ន អាចបញ្ជាក់បានថា ឈ្មួញបំផ្លាញព្រៃឈើ គឺជាសមត្ថកិច្ចដែលការពារព្រៃឈើ។ អីចឹងទេ អាជ្ញាធរក្នុងខេត្តឧត្តរមានជ័យ គួរពិចារណាអោយបានល្អិតល្អន់ទាន់នៅសល់ខ្លះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២២

ខេត្តបាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃចន្ទ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលហែលទឹក បាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចស ខេង បានសម្ដែងការចូលរួមអបអរសាទរម្ចាស់ជ័យលាភីនៃការប្រកួត និងសម្ដែងការកោតសរសើរ ពិសេសការបញ្ចេញសមត្ថភាពប្រកួតរបស់កីឡាករ កីឡាការនីប្រកបដោយភាពទាក់ទាញនៅលើផ្ទៃទឹកក្នុងអាងហែលទឹកនៃមណ្ឌលកីឡាហែលទឹកបាត់ដំបង។

សម្ដេចក្រឡាហោម បានរម្លឹកថាប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងផងដែរកាលពីអតីតកាលដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជាដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថាមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺស្ថិតក្នុងចំណោមអាងហែលទឹកថ្មីៗដែលបានសាងសង់ បន្ទាប់ពីមណ្ឌលហែលទឹកកំពង់ចាម និងនៅស្រុកកោះធំខេត្តកណ្ដាល ហើយថាសម្រាប់មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីសប្បុរសជន។

នាឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រីបានរម្លឹកដល់ទិវាជាតិ៧មករាដែលជាកាលបរិច្ឆេទប្រវត្តិសាស្ត្រនៃការផ្ដួលរំលំរបបខ្មែរ រហូតរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយឈានដល់ការអភិវឌ្ឍជាតិពីស្ថានភាពនៃប្រទេសដែលគ្មានសេសសល់អ្វីសោះរហូតរីកចំរើនដូចសព្វថ្ងៃនេះ។

សម្ដេចបានបន្ថែមថាដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំ២០២២នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ាន និងនៅឆ្នាំ២០២៣កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ហៅកាត់ថាសុីហ្គេម ដែលមានប្រភេទកីឡាត្រូវប្រកួតច្រើន ហើយសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យខិតខំអភិវឌ្ឍន៍វិស័យកីឡាជាតិបន្ថែមទៀត។

ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ប្រធានគណៈអធិបតី បានផ្ដល់អនុសាសន៍មួយចំនួនជូនក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាហែលទឹកកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណជូនសប្បុរសជន ពិសេសតាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានបរិច្ចាគធនធានរួមចំណែកកសាងមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូ​ នៅវិទ្យាល័យ​ព្រះសីហនុ​ ក្រុងកំពង់ចាម​​ នៅព្រឹក​មិញនេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើត​ឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខ​ដែរ។ ដូច្នេះមាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយ គ្រប់គ្រងអប់រំកូនចៅ​ឲ្យស្ថិតនៅក្នុងសាលារៀន ក្នុងលំនៅដ្ឋាន​ ក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រដែលត្រឹមត្រូវ​។

ក្នុងឱកាសនោះដែរ​ លោកអភិបាលខេត្ត​ បានថ្លែងថា​ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀន​ ដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ឪពុក ម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅផងដែរ។​

លោក​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់គ្រូបង្រៀន និងអ្នកអប់រំទាំងអស់​ សូមបន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព​ ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា​ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត​ ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ​។ ​និងសូម​បញ្ជូនកូនចៅដែលគ្រប់អាយុ​ដល់វ័យសិក្សា​ឲ្យ​ចូលរៀនបានគ្រប់ៗគ្នា ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យ​ខិតខំ​សិក្សារៀនសូត្រផង​។

អភិបាលខេត្ត​ ក៏បាន​ក្រេីនរំលឹកដល់​ដល់​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ទាំងអស់​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខិតខំ​ការពារ​ខ្លួន​ឲ្យ​ជៀសផុតពីជំងឺ​កូវីដ​-១៩បម្លែង​ថ្មី​ តាម​រយៈ​វិធានការ​ ៣ការពារ​ ៣កុំ​ ហេីយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ជាពិសេស​ត្រូវ​ចាក់​ដូស​ជំរុញ​ទី​៣​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២២

ខេត្តបាត់ដំបង៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

កំណាត់ផ្លូវនេះ មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ដែលបានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨លានដុល្លារអាមេរិក ជាឥនទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ភាគខាងជើងតភ្ជាប់បាត់ដំបង ទៅបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។ 

ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង។ ដើម្បីអបអរសាទរនៃទំនាក់ទំនងនៃប្រទេសទាំងពីនេះ ជប៉ុន និងកម្ពុជាក៏មានរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន ក្នុនោះ កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។ 

នៅថ្ងៃនេះសម្តេចតេជោក៏បានអបអរសាទរចំពោះការប្រកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ក្រោយពីកម្ពុជាបានបើកប្រទេសជាតិឡើងវិញកាលពីដើមខែវិច្ឆិកា២០២១។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយក្រសួងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការសិក្សារបស់សិស្សានុសិស្សអំឡុងពេលនៃការបើកបវេសនកាលនេះ។ 

ទាក់ទងទៅនឹងបញ្ហានៃជម្ងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន៣នាក់បន្ថែមទៀត។ ដូនច្នេះ សូមអោយប្រពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ចប់ខ្ជួន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ បន្តទៀត។ សម្តេចតេជោ បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស  ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។ 

ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោបានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់  ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។ សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោបានថ្លែងថា លោក មីង អោងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។

ទាក់ទៅនឹងសមិទ្ធផលផ្លូវនេះផងដែរ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមីនកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើ ក្នុងការស្ថាបនាធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ចាប់ពីពេលនេះតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page290 Page291 Page292 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×