ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានធ្វេីការណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានការប្រយ័ត្នប្រយែងចំពោះការចុះវាស់វែងដីធ្លី ត្រូវចៀសវាងជាដាច់ខាតនូវការរំលោភបំពានយកដីរដ្ឋ ជាពិសេសការទន្ទ្រានកាន់កាប់ដីបឹងបួនានា ជាកម្មសិទ្ធិរបស់រដ្ឋ។
លោកថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាខាពន្ធដារខេត្ត។
លោក អ៊ុន ចាន់ដា បានលេីកឡេីងថា ទោះបីជាមានបុគ្គលណាមួយអះអាងថានឹងបង់ពន្ធអចលនទ្រព្យចូលរដ្ឋយ៉ាងណាក្ដី ក៏យេីងមិនត្រូវវាស់វែងអារកាត់ដីកម្មសិទ្ធិរបស់រដ្ឋ ឲ្យទៅឯកជនគ្រប់គ្រងបានឡេីយ ជាពិសេសដីនៅតំបន់បឹងបួនានា ឬដីព្រៃលិចទឹក ដែលត្រូវទាមទារថែរក្សាឲ្យបានគង់វង្ស។
សូមជម្រាបថាកន្លងមកអភិបាលខេត្ត ក៏បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ និងទប់ស្កាត់រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរដោយខុសច្បាប់ ដីព្រៃលិចទឹក ដែលជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ព្រោះមានសារ:សំខាន់ក្នុងការបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាសហគមន៍ និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ហេង កុសលបុត ប្រធានសាខាពន្ធដារខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្តីពី ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាង អចលន ទ្រព្យ ឧបសម្ព័ន្ធទី៦ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តកំពង់ចាម ដែលក្នុងនោះ សម្រាប់ដីស្ថិតនៅជុំវិញផ្សារ និងផ្លូវមេ ក្នុងក្រុងកំពង់ចាម ក្នុង១ម៉ែត្រក្រឡា តម្លៃ៥០០ទៅ៦០០ដុល្លារ និងដីស្ថិតនៅផ្លូវរណបពាក់ព័ន្ធផ្លូវមេខាងលើ ក្នុង១ម៉ែត្រក្រឡា ៤០០ទៅ៥០០ដុល្លារ ចំណែកដីស្ថិតនៅច្រកផ្លូវពាក់ព័ន្ធផ្លូវមេ និងផ្លូវរណបខាងលើ ក្នុង១ម៉ែត្រក្រឡា ៣០០ទៅ៤០០ដុល្លារ៕SRP

