ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការអញ្ជើញទៅពិនិត្យ វត្តដូនទ្រី ដែលព្រះគ្រូចៅអធិការវត្តដូនទ្រីបានស្នើដល់រដ្ឋបាលខេត្ត ដើម្បីសុំធ្វើការកាត់ប្លង់ សម្រាប់ជាទ្រព្យសម្បត្តិរបស់វត្ត ក៏ប៉ុន្តែដោយសារវត្តនេះ ស្ថិតនៅក្នុងតំបន់២ ដែលមិនអាចកាត់ប្លង់បាន ហើយវត្តនេះជាប្រភេទវត្តបុរាណក កើតឡើងរាប់រយឆ្នាំមកហើយ ស្ថិតនៅក្នុងភូមិចាស់បុរាណ រដ្ឋបាលខេត្ត បានរៀបចំឯកសារជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំកាត់ប្លង់ជូនវត្ត និងប្រជាពលរដ្ឋដែលរស់នៅភូមិចាស់បុរាណ ដែលស្ថិតនៅតំបន់២នេះ មកជាតំបន់១វិញ។
លោកបានលើកឡើងថា ការអភិរក្ស ត្រូវពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ ដោយមុននឹងធ្វើការអភិវឌ្ឍសំណង់បុរាណ អ្វីមួយត្រូវមានការសិក្សា ឱ្យល្អិតល្អន់ជាមុនសិន នូវបច្ចេកទេសក្នុងការសាងសង់ ឬជួសជុល ដែលមិនធ្វើឱ្យមានផលប៉ះពាល់សំណង់បុរាណ ដើម្បីចៀសវាង ការទុកសំណង់បុរាណ ចោល មិនហ៊ានអភិវឌ្ឍន៍ ខ្លាចប៉ះពាល់ ធ្វើឱ្យសំណង់បុរាណ មួយចំនួនរងការខូចខាត ដោយសារគ្មានការថែរក្សាត្រឹមត្រូវ។
លោក សុខ លូ ក៏ធ្វើការអំពាវនាវដល់ព្រះសង្ឃ តាជី យាយជី ជួយក្នុងការបញ្ជៀបស្មារតីប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យបើកបរក្នុងស្ថានភាពស្រវឹង បើងងុយត្រូវសំរាកសិន រួចចាំបន្តដំណើរទៅមុខទៀត ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ដល់ ប្រជាពលរដ្ឋ អត្រាការស្លាប់ ជនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យដែលប្រជាពលរដ្ឋ ត្រូវតែចូលរួមទាំងអស់គ្នា ទើបអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។
លោកក៏បានស្នើសូមឲ្យចូលរួមលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម គ្រឿងញៀន នឹងធ្វើឱ្យអ្នកប្រើប្រាស់បាត់បង់ស្មារតី លែងស្គាល់អ្វីល្អ អ្វីអាក្រក់បង្កភាពអសន្ដិសុខដល់ប្រជាពលរដ្ឋផងដែរ។
លោក សុខ លូ មានប្រសាសន៍ថាយ៉ាងដូច្នេះ ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី២៩ នៅរសៀលថ្ងៃពុធ ម្សិលមិញ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង៕SRP


