ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។
នាយករដ្ឋមន្ត្រីបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។
បើតាមនាយករដ្ឋមន្ត្រីកម្ពុជារកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះ ជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»។
នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
នាយករដ្ឋមន្ត្រីថ្លែងថាយ៉ាងដូច្នេះនៅយប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីជាង ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជានអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅរាត្រីថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ៕SRP

