ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត
បានលើកទឹកចិត្តដល់ សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងចៀសសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាព ឲ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ ក៏បានអះអាងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍ ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ឲ្យបានរុងរឿង ថ្កើងថ្កាន។
លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមជាយុវជនត្រូវមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្ន និងអនាគត។
បើតាមកាឲ្យដឹងពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឲ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា៕SRP



ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទីពុធនេះ បានលើកឡើងថា៖ ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្លេះ ហើយចាប់ពីឆ្នាំ២០១៧ មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។